(ប៉េកាំង)៖ ប្រជាជនរស់នៅក្នុងសង្កាត់មួយ នៃរដ្ឋធានីប៉េកាំងប្រទេសចិន នឹងទទួលបានប័ណ្ណបញ្ចុះតម្លៃភ្លាមៗ ប្រសិនបើពួកគេបានទទួលការចាក់ វ៉ាក់សាំងបង្ការជំងឺ COVID-19 ខណៈប្រទេសចិនកំពុងព្យាយាម បង្កើនអត្រាចាក់វ៉ាក់សាំងនេះដល់ប្រជាជនរបស់ខ្លួន។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន Reuters នៅល្ងាចថ្ងៃពុធ ទី២៤ ខែមីនា ឆ្នាំ២០២១។
សង្កាត់ ដាស៉ីង (Daxing) ដែលមានប្រជាជនរស់នៅប្រមាណ ១.៨លាននាក់ នៅថ្ងៃពុធនេះបានចាប់ផ្តើមចែកប័ណ្ណបញ្ចុះតម្លៃ ដល់ប្រជាជនរបស់ខ្លួន ដែលបានទទួលការចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 ទាំងពីរដូសរួចរាល់។ ប័ណ្ណខាងលើនេះ មានជាការបញ្ចុះតំលៃចាប់ពី ៨យ័ន (១.២៣ដុល្លារអាមេរិក) ទៅ ៣០យ័នក្នុងមួយសន្លឹក អាស្រ័យលើល័ក្ខខ័ណ្ឌផ្សេងៗ ហើយអាចប្រើប្រាស់បាន នៅតាមផ្សារទំនើបនានានៅក្នុងសង្កាត់ Daxing។
បើតាមកាសែតផ្លូវការរបស់អាជ្ញាធរនៅក្នុងទីក្រុង Daxing ការបញ្ចុះតម្លៃដែលមានតម្លៃសរុបជាង ២០០លានយ័ន (៣០.៧លានដុល្លារអាមេរិក) នឹងត្រូវចែកចាយ តាមរយៈប័ណ្ណបញ្ចុះតម្លៃនេះ។ រហូតមកទល់ពេលនេះ ប្រជាជនជាង ៧៣ភាគរយនៅក្នុងស្រុក Daxing ដែលមានអាយុចាប់ពី ១៨ឆ្នាំឡើងទៅ បានទទួលការចាក់វ៉ាក់សាំងយ៉ាងហោចណាស់ សម្រាប់ដូសដំបូងរបស់ពួកគេរួចរាល់ហើយ៕