(វ៉ាស៊ីនតោន)៖ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក អាន់តូនី ប្ល៊ីនខិន (Antony Blinken) បានប្រាប់សមភាគីចិននៅក្នុងកិច្ចប្រជុំនៅឯទីក្រុងអាន់ខូរែក (Anchorage) នៃរដ្ឋអាឡាស្កា (Alaska) កាលពីសប្ដាហ៍មុនថារដ្ឋបាលលោកប្រធានាធិបតី ចូ បៃដិននឹងមិនទទួលយកឡើយនូវសណ្ដាប់ធ្នាប់អន្តរជាតិដែល ដើរតាមមាគ៌ាចិន ។ ដ្បិតលោកយល់ថាវាគឺជាពិភពលោកមួយដែលអ្នកឈ្នះប្រមូលយកផលតែម្នាក់ឯង។
ជាការឆ្លើយតប មន្ត្រីការទូតកំពូលចិនលោក យ៉ាង ជីឈី (Yang Jiechi) ក៏បានទាត់ចោលផងដែរនូវគំនិតដែលចង់ឱ្យចិនដើរតាមសណ្ដាប់ធ្នាប់អន្តរជាតិស្ដង់ដារ អាមេរិកកាំងដោយលោកសង្កត់ធ្ងន់ថាប្រទេសទាំងអស់គួរតែរួមគ្នាកសាងបែបផែននៃទំនាក់ទំនងអន្តរជាតិថ្មីមួយ ដើម្បីធានាឱ្យបាននូវភាពយុត្តិធម៌, តម្លាភាព និងការគោរពគ្នាទៅវិញទៅមក។ បើតាមលោកស្រី អេលីហ្សាប៊ែត អេកូណូមី (Elizabeth Economy) ជាអ្នកជំនាញម្នាក់ស្ដីពីប្រទេសចិនមកពីវិទ្យាស្ថាន Hoover នៃសាកលវិទ្យាល័យ Stanford ការខ្វែងគំនិតគ្នានេះបានបង្ហាញយ៉ាងច្បាស់ពីធម្មជាតិនៃការប្រជែងគ្នាធ្វើជាមហាអំណាចពិភពលោក លើការរៀបចំ សណ្ដាប់ធ្នាប់អន្តរជាតិដែលនេះអាចមានន័យថាសហរដ្ឋអាមេរិក និងចិន «គឺជាគូសត្រូវប្រជែងឥទ្ធិពល ជាជាងក្លាយជាមិត្តនឹងគ្នា»។
*ធម្មជាតិនៃនយោបាយប្រជែងចិនរបស់លោក បៃដិន
កំឡុងថ្លែងសុន្ទកថាមួយកាលពីខែកុម្ភៈកន្លងទៅ លោក ចូ បៃដិនបានបញ្ជាក់យ៉ាងច្បាស់ពីភាពចាំបាច់ដែលសហរដ្ឋអាមេរិកត្រូវតែប្រជែងជាមួយចិន។ តែព្រមពេល ជាមួយគ្នា លោកក៏បាននិយាយដែរថាសហរដ្ឋអាមេរិកត្រៀមខ្លួនរួចជាស្រេចធ្វើការជាមួយទីក្រុងប៉េកាំង នៅពេលដែលផលប្រយោជន៍អាមេរិកតម្រូវឱ្យធ្វើដូច្នេះ។ ការជំរុញឱ្យទីក្រុងប៉េកាំងការពារសិទ្ធិមនុស្ស និងកុំប្រើប្រាស់កម្លាំងបាយ ឬការគំរាមកំហែងដើម្បីសម្រេចគោលបំណងខ្លួ នឯងគឺជាល្បែងយុទ្ធសាស្ត្រមួយដែល រដ្ឋបាលលោក បៃដិន កំពុងលេងជាមួយចិន។ «ទំនាក់ទំនងរបស់យើងជាមួយចិននឹងក្លាយជាការប្រកួតប្រជែង នៅពេលដែលគួរប្រជែង, ធ្វើកិច្ចសហប្រតិបត្តិការ ជាមួយគ្នា នៅពេលគួរធ្វើ ហើយនឹងក្លាយជាសត្រូវនឹងគ្នា នៅពេលដែលត្រូវតែធ្វើជាសត្រូវ»។ នេះគឺជាការលើកឡើងរបស់រដ្ឋមន្ត្រីការបរទេសអាមេរិក លោក អាន់តូនី ប្ល៊ីនខិន នៅក្នុងសុន្ទរកថាស្ដីពីគោលនយោបាយការបរទេសកាលពីថ្ងៃទី០៣ ខែមីនា ដោយថែមទាំងចាត់ទុកចិនថា «ជាគូប្រជែងភូមិសាស្ត្រនយោបាយដ៏ធំ បំផុតរបស់សហរដ្ឋអាមេរិកនៅក្នុងស.វទី២១នេះ»។
តាមរយៈការលើកឡើងរបស់លោក បៃដិន និងលោក ប្ល៊ីនខិន វាបានបង្ហាញរួចទៅហើយនូវធម្មជាតិនយោបាយទប់ឥទ្ធិពលចិនរបស់សហរដ្ឋអាមេរិក ហើយគួបផ្សំ សេដ្ឋកិច្ចចិនត្រូវបានគេព្យាករថាអាចនឹងវ៉ាដាច់សហរដ្ឋអាមេរិកនៅឆ្នាំ២0៣០ផងនោះ រដ្ឋបាលលោក ចូ បៃដិននឹងបន្តអនុវត្តនយោបាយតឹងរឹងចំពោះចិនដែល អាចនឹងបង្កឱ្យទំនាក់ទំនងរវាងប្រទេសទាំង២កាន់តែតានតឹងឡើងខ្លាំងជាងអាណត្តិរបស់លោក ដូណាល់ ត្រាំ ក៏ថាបាន។
លោកស្រី ប៊ននី ក្លាស័រ (Bonnie Glaser) មកពីមជ្ឈមណ្ឌលសម្រាប់យុទ្ធសាស្ត្រ និងការសិក្សាអន្តរជាតិ (CSIS) ជឿជាក់ថាវាពិតជាចាំបាច់ដែលអាមេរិកត្រូវតែ ប្រឈមមុខជាមួយចិន។ លោកស្រីបានគូសបញ្ជាក់ដូច្នេះថា៖ «ខ្ញុំមើលមិនឃើញឡើយថាការស្វែងរកទំនាក់ទំនងល្អគឺជាគោលដៅដ៏សំខាន់តែមួយគត់...ហើយ បើសិនជាចិនយល់ថាអាមេរិកកំពុងចង់ត្រូវរ៉ូវគ្នាមែន នោះចិននឹងឆ្លៀតឱកាសទាញយកប្រយោជន៍ ដោយពួកគេចាប់គិតថាសហរដ្ឋអាមេរិកមានភាពទន់ខ្សោយ ពីព្រោះដឹងខ្លួនថាមិនអាចប្រជែងឈ្នះចិន ទើបចង់ត្រូវគ្នា»។
តែយ៉ាងណាក៏ដោយ វាមិនមែនមានន័យថាសហរដ្ឋអាមេរិក និងចិនមិនអាចធ្វើកិច្ចសហប្រតិបត្តិការគ្នាបាននោះទេ។ ក្រោយបញ្ចប់កិច្ចប្រជុំក្នុងរដ្ឋអាឡាស្កា ប្រទេសទាំង២បានព្រមព្រៀងគ្នាថានឹងសហការលើការដោះស្រាយបញ្ហាពិភពលោកក្នុងនោះរួមមានទាំងការប្រែប្រួលអាកាសធាតុជាដើម ដែលនេះគឺស្របទៅនឹង ការលើកឡើងរបស់លោក បៃដិនដែលថាសហរដ្ឋអាមេរិកត្រៀមខ្លួនរួចជាស្រេចដើម្បីធ្វើការជាមួយទីក្រុងប៉េកាំងនៅពេលផលប្រយោជន៍អាមេរិក តម្រូវឱ្យធ្វើដូច្នេះ ឬអាចនិយាយបានថាចិន និងអាមេរិកអាចក្លាយជាមិត្ត «នៅពេលមានប្រយោជន៍រួម»៕
ប្រភព៖ Vox (ថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២១)