(បាងកក)៖ មជ្ឈមណ្ឌលគ្រប់គ្រងជំងឺ COVID-19 របស់ប្រទេសថៃ (CCSA) នៅថ្ងៃពុធនេះបានរាយការណ៍ពីការរកឃើញ ករណីឆ្លងជំងឺ COVID-19 ថ្មីៗចំនួន ៦៩នាក់បន្ថែមទៀត ដែលភាគច្រើនជាករណីឆ្លងក្នុងស្រុក។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន Bangkok Post នៅរសៀលថ្ងៃពុធ ទី២៤ ខែមីនា ឆ្នាំ២០២១។
ជំនួយការអ្នកនាំពាក្យ CCSA លោកស្រី អភិសាម៉ៃ ស្រីរាំងសុន (Apisamai Srirangson) បានគូសបញ្ជាក់ថា ក្នុងចំណោមករណីឆ្លងថ្មីៗខាងលើនេះ មាន ៦១ករណីជាករណីឆ្លងក្នុងស្រុក ក្នុងនោះរួមមាន ៤៣ករណី ត្រូវបានរកឃើញនៅទីក្រុង បាងកក (Bangkok), ០៩ករណីនៅខេត្ត សាមុត សាខន (Samut Sakhon), ០៣ករណីនៅខេត្ត ផាទុម ថានី (Pathum Thani), ០២ករណីនៅខេត្ត តាក (Tak), ០១ករណីនៅខេត្ត សាមុត ប្រាកាន (Samut Prakan), ០១ករណីនៅខេត្ត នុនថាបុរី (Nonthaburi), ០១ករណីនៅខេត្ត ណាខន ផាធំ (Nakhon Pathom) និង ០១ករណីទៀតនៅខេត្ត ណុង បួ ឡាំ ភូ (Nong Bua Lam Phu)។ ចំណែកឯ ០៨ករណីផ្សេងទៀតជាករណីនាំចូល ត្រូវបានរកឃើញនៅលើអ្នកដំណើរ ដែលទើបវិលត្រឡប់មកពីបរទេស។
គួរបញ្ជាក់ថា រហូតមកដល់ពេលនេះ ប្រទេសថៃបានកត់ត្រាករណីឆ្លងជំងឺ COVID-19 សរុបនៅទូទាំងប្រទេស ២៨,៣៤៦ករណី ក្នុងនោះមានអ្នកស្លាប់ ៩២នាក់ និងអ្នកជាសះស្បើយឡើងវិញ ២៦,៨៧៣នាក់៕