(ស៉ីដនី)៖ សាកសពបុរសម្នាក់ត្រូវបានគេរកឃើញនៅថ្ងៃពុធនេះ នៅក្នុងរថយន្តដែលបានលិចក្នុងទឹកជំនន់ ហើយនេះជាករណីស្លាប់លើកដំបូង ដោយសារគ្រោះមហន្តរាយទឹកជំនន់នៅក្នុងខែមីនា។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន Reuters នៅរសៀលថ្ងៃពុធ ទី២៤ ខែមីនា ឆ្នាំ២០២១។
មន្រ្តីអូស្រ្តាលីបានគូសបញ្ជាក់ថា សាកសពបុរសនោះត្រូវបានរកឃើញ នៅតំបន់ភាគពាយ័ព្យទីក្រុងស៊ីដនី ដោយបុគ្គលិកសេវាកម្មសង្គ្រោះបន្ទាន់។ បុរសនោះមិនទាន់ត្រូវបានគេស្គាល់អត្តសញ្ញាណនៅឡើយទេ។
គួរបញ្ជាក់ថា មនុស្សជាង ៤ម៉ឺននាក់ត្រូវបានបង្ខំឱ្យជម្លៀសខ្លួន ចេញពីផ្ទះសម្បែងរបស់ពួកគេ នៅពេលដែលមានភ្លៀងធ្លាក់ខ្លាំង បង្កឱ្យមានទឹកជំនន់ភ្លាមៗ ហើយអាជ្ញាធរអូស្រ្តាលីនៅថ្ងៃពុធនេះ ក៏បានចេញបញ្ជាថ្មីមួយទៀតឱ្យមនុស្សដែលរស់នៅ តំបន់ភាគខាងលិចទីក្រុងស៉ីដនី ជម្លៀសខ្លួនចេញ ដើម្បីផ្លាស់ទីទៅកាន់តំបន់សុវត្ថិភាពផងដែរ។
ចំណែកឯនៅតំបន់ខ្លះទៀត ក៏បានចាប់ផ្ដើមប្រតិបត្តិការបោសសម្អាត ទ្រង់ទ្រាយធំមួយនៅពេលមេឃមានពន្លឺថ្ងៃឡើងវិញ និងទឹកចាប់ផ្តើមស្រក បន្ទាប់ពីបានកើតមានភ្លៀងធ្លាក់ អស់រយៈពេលជាច្រើនថ្ងៃ៕