(វ៉ាស៊ីនតោន)៖ ការសិក្សាស្រាវជ្រាវថ្មីមួយបានរកឃើញថាកុមារដែលមានអាយុ១០ឆ្នាំ ឬក្មេងជាងនេះមានអង់ទីករប្រឆាំងវីរុសកូរ៉ូណា COVID-19 រឹងមាំជាងមនុស្សវ័យជំទង់ និងមនុស្សពេញវ័យ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃពុធ ទី២៤ ខែមីនា ឆ្នាំ២០២១។
ការសិក្សាថ្មីខាងលើធ្វើឡើងដោយអ្នកស្រាវជ្រាវមកពីសាកលវិទ្យាល័យ Weill Cornell Medicine មានមូលដ្ឋានក្នុងសហរដ្ឋអាមេរិក។ ក្រុមអ្នកស្រាវជ្រាវទាំងនេះបានសិក្សាតាមរយៈការធ្វើតេស្ដអង់ទីករលើមនុស្សជាង៣២,០០០នាក់ នៅក្នុងទីក្រុងញូយ៉កចន្លោះពីខែមេសា ដល់ខែសីហា ឆ្នាំ២០២០។
ពួកគេបានរកឃើញថាក្នុងចំណោមអ្នកទាំងនេះមានកុមារមានអាយុពី១ឆ្នាំ ដល់១០ឆ្នាំមានអង់ទីករប្រឆាំង COVID-19 ច្រើនជាង៥ដង បើធៀបទៅនឹងមនុស្សមានវ័យពី១៩ឆ្នាំ ដល់២៤ឆ្នាំ។ បន្ថែមពីលើនេះមនុស្សដែលបានឆ្លង COVID-19 មានអាយុពី១ឆ្នាំ ដល់២៤ឆ្នាំ គ្មាននរណាម្នាក់ មានជំងឺធ្ងន់ធ្ងរដោយសារតែ COVID-19 នោះឡើយ។
គួរបញ្ជាក់ថា ការសិក្សាថ្មីខាងលើមិនទាន់អាចកំណត់ឱ្យច្បាស់ថាតើហេតុអ្វីបានជាកុមារមិនសូវប្រឈមមុខឆ្លង COVID-19 ដូចមនុស្សពេញវ័យទេ ។ ប៉ុន្តែក្រុមអ្នកស្រាវជ្រាវជឿជាក់ថា ដោយសារតែកុមារមានតិចតួចនូវកោសិកា រ៉េសិបទ័រ (cell receptors) នៅក្នុងប្រព័ន្ធផ្លូវដង្ហើម ឬគេស្គាល់ថា «ACE2» ដែលត្រូវបាន COVID-19 ប្រើប្រាស់ជាផ្លូវចូលក្នុងកោសិការបស់យើង៕