(វ៉ាស៊ីនតោន)៖ កូរ៉េខាងជើងបានបាញ់សាកល្បង មីស៊ីលរយៈចម្ងាយខ្លីចំនួន ០២គ្រាប់ តែប៉ុន្មានថ្ងៃប៉ុណ្ណោះ បន្ទាប់ពីរដ្ឋមន្ត្រីការបរទេស និងរដ្ឋមន្ត្រីការពារជាតិរបស់សហរដ្ឋអាមេរិក បញ្ចប់ដំណើរទស្សនកិច្ច នៅក្នុងប្រទេសកូរ៉េខាងត្បូង និងជប៉ុន។ នេះបើតាមប្រភពពីមន្ត្រីអាមេរិកម្នាក់ ដកស្រង់ និងចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន AFP នៅព្រឹកថ្ងៃពុធ ទី២៤ ខែមីនា ឆ្នាំ២០២១។
មន្ត្រីអាមេរិកខាងលើបានថ្លែងប្រាប់អ្នកសារព័ត៌មាន ក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះនៅថ្ងៃអង្គារសប្ដាហ៍នេះថា កូរ៉េខាងជើងបានបាញ់មីស៊ីលរយៈចំងាយខ្លីចំនួន ០២គ្រាប់កាលពីថ្ងៃអាទិត្យសប្ដាហ៍មុន ដែលជាសកម្មភាពតេស្ដមីស៊ីលលើកដំបូងបំផុត ចាប់តាំងពីលោក ចូ បៃដិន ឡើងកាន់តំណែងជាប្រធានាធិបតីអាមេរិក កាលពីថ្ងៃទី២០ ខែមករា។ មន្ត្រីអាមេរិកដដែលបានបន្តទៀតថា ការធ្វើតេស្ដមីស៊ីលរបស់កូរ៉េខាងជើង មិនមែនជាសកម្មភាពបង្ករឿងធ្ងន់ធ្ងរអ្វីនោះទេ ហើយថែមទាំងអះអាងដែរថា សហរដ្ឋអាមេរិកនៅតែបើចំហទ្វារចរចា ជាមួយទីក្រុងព្យុងយ៉ាង។
ដោយឡែកប្រទេសកូរ៉េខាងជើង កាលពីសប្ដាហ៍មុនបានព្រមានថា ខ្លួននឹងមិនចូលរួមក្នុងកិច្ចសន្ទនា ឬកិច្ចចរចាជាមួយសហរដ្ឋអាមេរិកឡើយ ដរាបណាទីក្រុងវ៉ាស៊ីនតោន នៅតែមិនព្រមបោះបង់ចោល គោលនយោបាយអរិភាព ប្រឆាំងនឹងទីក្រុងព្យុងយ៉ាងទេនោះ។ គោលនយោបាយអរិយភាពទាំងនោះរួមមាន ការធ្វើសមយុទ្ធយោធាជាមួយទីក្រុងសេអ៊ូល និងទណ្ឌកម្មសេដ្ឋកិច្ចជាដើម។ បន្ថែមពីនេះ ការធ្វើបត្យាប័នជនជាតិកូរ៉េខាងជើងដំបូង ទៅកាន់សហរដ្ឋអាមេរិក កាលពីដើមសប្តាហ៍នេះ ក៏កំពុងតែធ្វើឲ្យស្ថានការណ៍រវាងប្រទេសទាំងពីរ កាន់តែតានតឹងផងដែរ៕