Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ទីបំផុតផ្ទះរបស់អតីតប្រធានាធិបតី ផាក គឺនហេ ត្រូវអាជ្ញាធរកូរ៉េខាងត្បូងរឹបអូស និងត្រៀមដាក់លក់ដេញថ្លៃ ​​​​(Video inside)

23-03-2021 16:19

(សេអ៊ូល)៖ ក្រុមរដ្ឋអាជ្ញាកូរ៉េខាងត្បូង នៅថ្ងៃអង្គារនេះបានឲ្យដឹងថា ពួកគេបានរឹបអូសផ្ទះរបស់លោកស្រីអតីតប្រធានាធិបតី ផាក គឺនហេ ហើយនឹងដាក់វាឲ្យដេញថ្លៃផងដែរ បន្ទាប់ពីលោកស្រីមិនអាចបង់ប្រាក់ពិន័យចំនួន ១៩លានដុល្លារអាមេរិក ពាក់ព័ន្ធសំណុំរឿងពុករលួយរបស់លោកស្រី។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មាន AFP នៅរសៀលថ្ងៃអង្គារ ទី២៣ ខែមីនា ឆ្នាំ២០២១។

លោកស្រី ផាក ត្រូវបានទម្លាក់ពីអំណាចកាលពីឆ្នាំ២០១៧ ក្រោយការផ្ទុះបាតុកម្មដ៏ក្រើក ពាក់ព័ន្ធនឹងរឿងអាស្រូវពុករលួយ និងការចោទប្រកាន់ថា លោកស្រីបានអនុញ្ញាតឲ្យមនុស្សជំនិតម្នាក់ ចូលជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់ជាតិ។ អតីតប្រធានាធិបតីកូរ៉េខាងត្បូងរូបនេះ ត្រូវបានតុលាការសម្រេចផ្តន្ទាទោស ដាក់ពន្ធនាគាររយៈពេល ២០ឆ្នាំពីបទពុករលួយ និងរំលោភអំណាច។

បើតាមតំណាងការិយាល័យរដ្ឋអាជ្ញាទីក្រុងសេអ៊ូល ដោយសារតែលោកស្រី ផាក គឺនហេ បានបរាជ័យក្នុងការបង់ប្រាក់ពិន័យសរុប ២១.៥ពាន់លានវ៉ុន ដែលស្មើនឹង ១៩លានដុល្លារអាមេរិក ដែលត្រូវបានកំណត់រយៈពេលឲ្យត្រឹមចុងខែកុម្ភៈ ឆ្នាំ២០២១ ទើបពេលនេះអាជ្ញាធរបានចុះរឹបអូស យកគេហដ្ឋានរបស់លោកស្រី និងត្រៀមដាក់លក់ដេញថ្លៃវា។

គួរបញ្ជាក់ថា គេហដ្ឋានកម្ពស់ ២ជាន់របស់លោកស្រី ផាក ដែលស្ថិតនៅតំបន់ទីប្រជុំជនអ្នកមានៗ នៃភាគខាងត្បូងទីក្រុងសេអ៊ូល ត្រូវគេប៉ាន់ស្មានថា មានតម្លៃប្រមាណ ២.៨ពាន់លានវ៉ុន ឬជិត ២.៥លានដុល្លារអាមេរិក នៅពេលតុលាការកូរ៉េខាងត្បូង បង្កកទ្រព្យសម្បត្តិលោកស្រី កាលពីឆ្នាំ២០១៨៕