(វ៉ាស៉ីនតោន)៖ នៅក្នុងរយៈពេល ២៤ម៉ោងកន្លងទៅនេះ មនុស្សសរុប ៤៥,៧៤៨នាក់ទៀតបានឆ្លងជំងឺ COVID-19 ខណៈអ្នកជំងឺ ៦៣៦នាក់បានស្លាប់នៅក្នុងរយៈពេលដូចគ្នា នៅទូទាំងសហរដ្ឋអាមេរិក។ នេះបើតាមការដកស្រង់ទិន្នន័យ ចេញពីគេហទំព័រ Worldometers នាព្រឹកថ្ងៃអង្គារ ទី២៣ ខែមីនា ឆ្នាំ២០២១។
ក្រោយការបូកសរុបទិន្នន័យបន្ថែមខាងលើនេះ នាំឲ្យចំនួនករណីឆ្លង COVID-19 សរុបនៅទូទាំងសហរដ្ឋអាមេរិកកើនឡើងដល់ ៣០,៥៧៦,៩៦២ករណី ក្នុងនោះមានអ្នកស្លាប់សរុបចំនួន ៥៥៥,៩៤៥នាក់ និងជាសះស្បើយឡើងសរុប ២២,៨៤៦,០០៣នាក់។
គួរបញ្ជាក់ថា នៅដើមសប្តាហ៍នេះ សហរដ្ឋអាមេរិកបានបញ្ចប់ការធ្វើតេស្ត វ៉ាក់សាំង AstraZeneca របស់អង់គ្លេសហើយ ដោយវាបានបង្ហាញប្រសិទ្ធភាព ៧៩% ប្រឆាំងនឹង COVID-19។ AstraZeneca កំពុងស្មើសុំទីភ្នាក់ងារត្រួតពិនិត្យ សុវត្ថិភាពឱសថ និងចំណីអាហារអាមេរិក (FDA) អនុម័តឲ្យប្រើវ៉ាក់សាំងរបស់ខ្លួនក្នុងករណីបន្ទាន់។ សហរដ្ឋអាមេរិកបានប្តេជ្ញា ចាក់វ៉ាក់សាំងដល់មនុស្សពេញវ័យទាំងអស់ជាង ២៥៨លាននាក់ នៅទូទាំងប្រទេស នៅត្រឹមដំណាច់ខែឧសភាខាងមុខនេះ៕