(គូឡាឡាំពួ)៖ នៅថ្ងៃចន្ទនេះប្រទេសម៉ាឡេស៉ីបានប្រកាសថា ខ្លួនបានបង្កើតមូលនិធិមួយមានទំហំសរុបចំនួន ២.៤លានដុល្លារអាមេរិក សម្រាប់ទុកផ្តល់ថវិកាជួយដល់បុគ្គលទាំងឡាយណា ដែលទទួលរងប្រតិកម្មធ្ងន់ធ្ងរ ក្រោយការចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នៅល្ងាចថ្ងៃចន្ទ ទី២២ ខែមីនា ឆ្នាំ២០២១។
រដ្ឋមន្រ្តីសុខាភិបាលម៉ាឡេស៉ី លោក អេដាម បាបា (Adham Baba) បានថ្លែងថា នៅក្រោមកម្មវិធីមូលនិធិខាងលើ បុគ្គលទាំងឡាយណាដែលតម្រូវឲ្យទទួលការសម្រាកព្យាបាល នៅមន្ទីរពេទ្យរយៈពេលយូរ ដោយសារតែប្រតិកម្មជាមួយការចាក់វ៉ាក់សាំង COVID-19 នឹងមានសិទ្ធិទទួលថវិកា ៥០,០០០រីងហ្គីត ស្មើនឹងជាង ១២,០០០ដុល្លារអាមេរិក ឬក៏ ៥០០,០០០រីងហ្គីត (ជាង ១២ម៉ឺនដុល្លារអាមេរិក) សម្រាប់ករណីមានពិការភាពជាអចិន្រ្តៃយ៍ ឬទទួលមរណភាព។
បើតាមលោករដ្ឋមន្រ្តីសុខាភិបាលម៉ាឡេស៉ី គិតត្រឹមថ្ងៃទី១៨ ខែមីនា អាជ្ញាធរសុខាភិបាលម៉ាឡេស៉ីបានកត់ត្រាករណីសរុបចំនួន ២០ នៃអ្នកមានប្រតិកម្មខ្លាំងជាមួយការចាក់វ៉ាក់សាំង ក្នុងនោះអាការរួមមានតាំងពីអេះរមាស់ រហូតដល់ពិបាកដកដង្ហើម និងញ័រដើមទ្រូង ប៉ុន្តែពុំមានករណីបាត់បង់ជីវិតនោះទេ។
គួរបញ្ជាក់ថា យុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 នៅក្នុងប្រទេសម៉ាឡេស៉ី បានចាប់ផ្តើមកាលពីថ្ងៃទី២៣ ខែកុម្ភៈ កន្លងទៅ ជាមួយការប្រើប្រាស់វ៉ាក់សាំង Pfizer-BioNTech ដែលជាការអភិវឌ្ឍរួមគ្នារវាងក្រុមហ៊ុនអាមេរិក និងអាល្លឺម៉ង់។ ចំណែកវ៉ាក់សាំងចិន Sinovac ទើបតែត្រូវបានម៉ាឡេស៉ីចាប់ផ្តើមបប្រើប្រាស់ កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍មុននេះប៉ុណ្ណោះ៕