(ប៉ារីស)៖ មន្រ្តីនៃគណៈកម្មការសហភាពអឺរ៉ុបបានបង្ហាញក្តីជឿជាក់ថា អឺរ៉ុបអាចនឹងសម្រេចបានការបង្កើត «ប្រព័ន្ធភាពស៊ាំជាសហគមន៍ ឬហៅថា Herd immunity» ទប់ទល់នឹងជំងឺ COVID-19 នៅត្រឹមខែកក្កដាខាងមុខ បើទោះបីជាដំណើរការនៃយុទ្ធនាការចាក់វ៉ាក់សាំងនៅតំបន់នេះ ហាក់មានភាពរដាក់រដុបក៏ដោយ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃចន្ទ ទី២២ ខែមីនា ឆ្នាំ២០២១។
លោក ធៀរី ប្រេតុន (Thierry Breton) ស្នងការអឺរ៉ុបទទួលបន្ទុកទីផ្សារផ្ទៃក្នុង បានថ្លែងថា «អឺរ៉ុបអាចមានលទ្ធភាពសម្រេចបាននូវ ការបង្កើតប្រព័ន្ធភាពស៊ាំជាសហគមន៍នៅទូទាំងទ្វីបនេះ នៅក្នុងខែកក្កដា ឆ្នាំ២០២១។ ពួកយើងកំពុងស្ថិតនៅដំណាក់កាលចុងក្រោយ ដោយសារតែយើងដឹងច្បាស់ថា ដើម្បីយកឈ្នះលើវិបត្តិជំងឺរាតត្បាតនេះ គឺមានដំណោះស្រាយតែមួយ ដោយតាមរយៈការចាក់វ៉ាក់សាំង ហើយវ៉ាក់សាំងកំពុងតែមកដល់ថែមទៀត»។
គួរបញ្ជាក់ថា ប្រព័ន្ធភាពស៊ាំជាសហគមន៍អាចសម្រេចបាន នៅពេលដែលចំនួនប្រជាជនក្នុងប្រទេសឬតំបន់មួយ ដែលមានអង់ទីករការពារជំងឺតាមរយៈការចាក់វ៉ាក់សាំង ឈានដល់អត្រាច្រើនគ្រប់គ្រាន់មួយធៀបនឹងចំនួនប្រជាជនសរុប ដែលល្មមអាចទប់ស្កាត់មិនឲ្យមានការឆ្លងរាតត្បាតខ្លាំងតទៀតបាន នៅក្នុងប្រទេសឬតំបន់នោះ។
ដោយឡែក ការលើកឡើងខាងលើគឺជាការបង្ហាញភាពជឿជាក់មួយ បើទោះបីជាបណ្តាប្រទេសអឺរ៉ុបមួយចំនួន បានចាប់ផ្តើមដាក់ចេញវិធានការឹតត្បិតសាជាថ្មី ដើម្បីគ្រប់គ្រងការសន្ទុះឡើងនៃអត្រាឆ្លងរាលដាល បូករួមជាមួយនឹងបញ្ហាមន្ទិលសង្ស័យលើសុវត្ថិភាពរបស់វ៉ាក់សាំង AstraZeneca ក៏ដោយ។ ប៉ុន្តែឥឡូវ ភាគច្រើនបានបន្តប្រើប្រាស់វ៉ាក់សាំងនេះវិញហើយ ក្រោយការធានាសុវត្ថិភាពក៏ដូចជាប្រសិទ្ធភាពពីទីភ្នាក់ងារឱសថអឺរ៉ុប៕