Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ចក្រភពអង់គ្លេសកំពុងត្រៀម ពង្រីកឥទ្ធិពលឡើងវិញនៅលើពិភពលោក តាមរយៈការធ្វើទំនើបកម្មយោធា ​​​​(Video inside)

22-03-2021 13:13

(ឡុងដ៍)៖ ចក្រភពអង់គ្លេសនៅថ្ងៃចន្ទសប្ដាហ៍នេះ គ្រោងនឹងបញ្ចេញពីផែនការជាច្រើន ពាក់ព័ន្ធនឹងការធ្វើទំនើបកម្មវិស័យយោធារបស់ខ្លួន ជាមួយការសន្យាថា នឹងពង្រឹងសមត្ថភាពការពារផលប្រយោជន៍ នៃចក្រភពអង់គ្លេសលើគ្រប់វិស័យ និងនៅជុំវិញពិភពលោក។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន AFP នៅរសៀលថ្ងៃចន្ទ ទី២២ ខែមីនា ឆ្នាំ២០២១។

តាមរយៈផែនការខាងលើ ទីក្រុងឡុងដ៍នឹងផ្ដោតជាសំខាន់ លើការពង្រឹងសមត្ថភាពកងនាវា ព្រមទាំងពង្រីកឥទ្ធិពលនៅជុំវិញពិភពលោក ជាមួយការសន្យាថា នឹងផលិតនាវាចម្បាំង, វាមុជទឹកបន្ថែម ព្រមទាំងបង្កើនចំនួននាវិកផងដែរ។ មិនតែប៉ុណ្ណោះ ក្រសួងការពារជាតិអង់គ្លេសក៏បានអះអាងដែរថា នឹងប្រែក្លាយកងកម្លាំងជើងទឹក (Royal Marines) ឱ្យទៅជាអង្គភាពថ្មីមួយដែលមានឈ្មោះថា កងកុម្ម៉ង់ដូនៃថ្ងៃអនាគត (Future Commando Force)។

គួរបញ្ជាក់ថា បើតាមក្រសួងការពារជាតិអង់គ្លេស ទីក្រុងឡុងដ៍នឹងធ្វើកិច្ចសហប្រតិបត្តិការសមុទ្រ ជាមួយសម្ព័ន្ធមិត្ត NATO នៅក្នុងតំបន់បាល់ទិច ហើយយ៉ាងយូរនៅក្នុងឆ្នាំ២០២១នេះ នឹងបញ្ជូនកងនាវាផ្ទុកយន្ដហោះចម្បាំង ទៅកាន់តំបន់អាស៊ីជាទីដែលឥទ្ធិពលចិន កំពុងពង្រីកឥទ្ធិពលរឹតតែខ្លាំង៕