(ស៊ីដនី)៖ អាជ្ញាធរអូស្ត្រាលីនៅថ្ងៃចន្ទនេះ គ្រោងនឹងជម្លៀសប្រជាជនរាប់ពាន់នាក់បន្ថែមទៀត ចេញពីតំបន់ដែលរងផលប៉ះពាល់ដោយទឹកជំនន់ នៅភាគខាងលិចទីក្រុងស៊ីដនី (Sydney)។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន Reuters នៅព្រឹកថ្ងៃចន្ទ ទី២២ ខែមីនា ឆ្នាំ២០២១។
ភ្លៀងធ្លាក់ខ្លាំងក្នុងរយៈពេល ០៣ថ្ងៃកន្លងមកនេះ បានបង្កឱ្យមានទឹកជំនន់នៅក្នុងរដ្ឋ ដែលមានប្រជាជនច្រើនបំផុតនៅប្រទេសអូស្ត្រាលី គឺរដ្ឋញូសោតវែលស៍ (New South Wales ឬ NSW) ដែលបណ្តាលឱ្យមានការខូចខាតយ៉ាងខ្លាំង ដោយផ្ទះសម្បែងជាច្រើនខ្នងត្រូវបានបំផ្លិចបំផ្លាញ ខណៈផ្លូវថ្នល់ ស្ពាន និងហេដ្ឋារចនាសម្ព័ន្ធជាច្រើនទៀត ក៏ត្រូវបានជន់លិច ជាហេតុនាំឱ្យមានការជម្លៀសប្រជាជនទ្រង់ទ្រាយធំ។ ប្រជាជនជិត ២,០០០នាក់ ត្រូវបានជម្លៀសចេញពីតំបន់ទំនាប។
សេវាកម្មសង្គ្រោះបន្ទាន់របស់រដ្ឋ NSW បានគូសបញ្ជាក់នៅក្នុងបណ្ដាញសង្គម Twitter កាលពីថ្ងៃអាទិត្យថា «ទឹកជំនន់ ទំនងជាកើនឡើងខ្ពស់ជាងទឹកជំនន់ឆ្នាំណាៗទាំងអស់ បើគិតចាប់តាំងពីខែវិច្ឆិកា ឆ្នាំ១៩៦១ ដែលកន្លងផុតទៅ ៦០ឆ្នាំមកហើយ»។
ទិន្នន័យរបស់រដ្ឋាភិបាលអូស្រ្តាលីបានបង្ហាញឱ្យដឹងថា ទីក្រុងស៊ីដនីកាលពីថ្ងៃអាទិត្យម្សិលមិញ បានកត់ត្រាកម្រិតទឹកភ្លៀង ១១១មីល្លីម៉ែត្រ ខណៈតំបន់មួយចំនួន នៅតាមបណ្ដាយឆ្នេរសមុទ្រភាគខាងជើងរដ្ឋ New South Wales បានកត់ត្រានូវកម្រិតទឹកភ្លៀងជិត ៩០០មីល្លីម៉ែត្រក្នុងរយៈពេល ០៦ថ្ងៃចុងក្រោយនេះ គឺច្រើនជាងបីដងនៃខែមីនានេះ៕