(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិកលោក Joe Biden បាននិយាយនៅថ្ងៃអាទិត្យនេះថា លោកមានការខកចិត្តយ៉ាងខ្លាំង ចំពោះការដែលប្រទេសតួកគីបានសម្រេចដកខ្លួនចេញពីកិច្ចព្រមព្រៀងអ៊ីស្តង់ប៊ុល ដែលជាសន្ធិសញ្ញាដំបូងបង្អស់របស់ពិភពលោកក្នុងការការពារនិងប្រយុទ្ធប្រឆាំងនឹងអំពើហិង្សាលើស្ត្រី។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មាន CNA នៅថ្ងៃអាទិត្យ ទី២១ ខែមីនា ឆ្នាំ២០២១។
នៅក្នុងសេចក្តីថ្លែងការណ៍របស់សេតវិមានលោក Biden បាននិយាយយ៉ាងដូច្នេះថា«នេះគឺជាជំហានដ៏ខកចិត្តមួយ សម្រាប់ចលនាអន្តរជាតិដើម្បីបញ្ចប់អំពើហឹង្សាប្រឆាំងនឹងស្ត្រីនៅទូទាំងពិភពលោក»។
ប្រធានាធិបតីអាមេរិករូបនេះបានបន្តទៀតថា«អំពើហិង្សាទាក់ទងនឹងយេនឌ័រ គឺជាអំពើដ៏សាហាវមួយដែលកើតមានលើគ្រប់ប្រជាជាតិ និងនៅគ្រប់ទីន្លែងនៃពិភពលោក។ ក្នុងរយៈពេលប៉ុន្មានសប្តាហ៍កន្លងមកនេះ យើងបានឃើញឧទាហរណ៍ជាច្រើននៃការវាយដំដ៏សាហាវនិងឃោរឃៅទៅលើស្ត្រី រួមទាំងឃាតកម្មដ៏សាហាវនៅហ្សកហ្ស៊ីផងដែរ»។
គួរបញ្ជាក់ថា តួកគីសម្រេចដើរចេញពីសន្ធិសញ្ញាប្រឆាំងនឹងអំពើហិង្សាលើស្ត្រីខាងលើ ត្រូវបានប្រកាសដោយរដ្ឋាភិបាលតួកគីរបស់លោកប្រធានាធិបតីលោក Recep Tayyip Erdogan កាលពីថ្ងៃសៅរ៍សប្តាហ៍នេះ ដែលជាជ័យជំនះចុងក្រោយសម្រាប់អ្នកអភិរក្សនៅក្នុងគណបក្សជាតិនិយមរបស់លោកនិងសម្ព័ន្ធមិត្តរបស់ខ្លួន ដែលបានអះអាងថាសន្ធិសញ្ញានេះធ្វើឲ្យអន្តរាយដល់គ្រួសារ។ ប៉ុន្តែសកម្មភាពនេះបានធ្វើឲ្យមានកំហឹងផ្ទុះឡើងទាំងនៅក្នុងស្រុក និងអន្តរជាតិ ខណៈប្រជាជនរាប់ពាន់នាក់នៅក្នុងប្រទេសតួកគីបានតវ៉ាប្រឆាំងនឹងចំណាត់សេចក្តីសម្រេចនេះ៕