(តូក្យូ)៖ ចំនួនអ្នកធ្វើអត្តឃាតនៅក្នុងប្រទេសជប៉ុនបានកើនឡើងដល់ ២១,០០០នាក់ក្នុងឆ្នាំ២០២០ ដែលអត្រាខ្ពស់បំផុតគិតចាប់តាំងពីឆ្នាំ២០០៩ ដែលជាឆ្នាំនៃវិបត្តិហិរញ្ញវត្ថុសកល បណ្តាលមកពីការក្ស័យធនរបស់ធានាគារ Lehman Brothers ។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មាន NHK នៅថ្ងៃអាទិត្យ ទី២១ ខែមីនា ឆ្នាំ២០២១។
តួលេខដែលចេញផ្សាយដោយក្រសួងសុខាភិបាលនិងសុខុមាលភាពជប៉ុនបានបង្ហាញថា មនុស្សចំនួន ២១.០៨១នាក់បានផ្តាច់ជីវិតខ្លួនឯងក្នុងឆ្នាំ២០២០ ហើយតួលេខនេះបានកើនចំនួន ៩១២នាក់ ឬស្មើនឹង៤.៥ភាគរយ បើប្រៀបធៀបនឹងឆ្នាំ២០១៩កន្លងទៅ។
ទិន្នន័យដដែលនេះបានបង្ហាញទៀតថា ក្នុងចំណោមអ្នកធ្វើអត្តឃាតខាងលើ មានបុរសចំនួន១៤,០៥៥នាក់ ដោយមានការធ្លាក់ចុះចំនួន ២៣នាក់ បើប្រៀបធៀបនឹងទិន្នន័យឆ្នាំ២០១៩ ខណៈដែលស្ត្រីមានចំនួន ៧,០២៦នាក់ ដោយបានកើនឡើងរហូតដល់៩៣៥នាក់ ឬស្មើនឹង ១៥ភាគរយ។
គួរបញ្ជាក់ថា ការធ្វើអត្តឃាតក្នុងចំណោមយុវវ័យបានកើនឡើងគួរឲ្យកត់សម្គាល់។ ទិន្នន័យបានបង្ហាញថា ក្នុងចំណោមអ្នកធ្វើអត្តឃាតទាំង ២១,០០០នាក់នោះទៀតសោត មានក្មេងវ័យជំទង់ដែលមានអាយុក្រោម២០ឆ្នាំចំនួន ៣១១នាក់ ដោយមានការកើនឡើងរហូតដល់៤៤ភាគរយ និងយុវជនក្នុងវ័យ ២០ឆ្នាំមានចំនួន ៨៣៧នាក់ ដោយបានកើនឡើង ៣២ភាគរយ។
អ្នកជំនាញខាងគោលនយោបាយសាធារណៈ និងការធ្វើអត្តឃាតនិយាយថា ផលប៉ះពាល់នៃជំងឺរាតត្បាតសកល COVID-19 លើសេដ្ឋកិច្ចនិងសកម្មភាពប្រចាំថ្ងៃគឺជាកត្តារួមចំណែកដល់ការកើនឡើងនៃចំនួនធ្វើអត្តឃាតបែបនេះ៕