(ប៉ាគីស្ថាន)៖ នាយករដ្ឋមន្ត្រីប៉ាគីស្ថានលោក អ៉ីមរ៉ាន ខាន់ (Imran Khan) ត្រូវបានរដ្ឋមន្ត្រីសុខាភិបាលរបស់លោកប្រកាសថា បានឆ្លងជំងឺ COVID-19 ហើយ ដោយលោកនាយករដ្ឋមន្ត្រី ទើបតែបានចាក់វ៉ាក់សាំងបង្ការជំងឺនេះ រួចពីរថ្ងៃប៉ុណ្ណោះ។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មាន Reuters នាល្ងាចថ្ងៃសៅរ៍ ទី២០ ខែមីនា ឆ្នាំ២០២១។
បើតាមរដ្ឋមន្ត្រីសុខាភិបាលប៉ាគីស្ថានលោក ហ្វៃសាល ស៊ូតង់ (Faisal Sultan) លោកនាយករដ្ឋមន្ត្រីប៉ាគីស្ថាន Imran Khan ពេលនេះកំពុងសម្រាកព្យាបាលជំងឺ ដាច់ដោយឡែកនៅក្នុងគេហដ្ឋានរបស់លោកផ្ទាល់។
គួរបញ្ជាក់់ថា ប្រទេសប៉ាគីស្ថានដែលមានប្រជាជនសរុបជាង ២២០លាននាក់ គិតត្រឹមថ្ងៃសៅរ៍នេះមានករណីឆ្លង COVID-19 សរុបជាង ៦២៣,០០០ករណី ក្នុងនោះស្លាប់ ១៣,៧៩៩នាក់ និងជាសះស្បើយឡើងវិញជិត ៥៨០,០០០នាក់៕