(តូក្យូ)៖ គ្រោះធម្មជាតិរញ្ជួយផែនដីកម្រិតធ្ងន់ រហូតដល់ទៅ ៧.២រ៉ិចទ័រ បានវាយប្រហារដែនសមុទ្រជាប់កោះ ហុនស៊ូ (Honshu) ភាគខាងកើតប្រទេសជប៉ុន កាលពីវេលាម៉ោង ៦៖០៩នាទីល្ងាចថ្ងៃសៅរ៍នេះ (ម៉ោងនៅទីក្រុងតូក្យូ) ខណៈរំញ័ររបស់វា ក៏បានរាលដាលទៅដល់ទីក្រុងតូក្យូផងដែរ។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នាល្ងាចថ្ងៃសៅរ៍ ទី២០ ខែមីនា ឆ្នាំ២០២១។
អាជ្ញាធរខេត្ត មីយ៉ាគិ (Miyagi) របស់ជប៉ុនបានរាយការណ៍ថា គ្រោះរញ្ជួយដីខាងលើនេះ បានបង្កឲ្យមានរលកស៊ូណាមិដែលមានកម្ពស់ ១ម៉ែត្រ បោកមកលើឆ្នេរសមុទ្រភាគខាងកើតនោះ ប៉ុន្តែមិនមានសេចក្តីរាយការណ៍ អំពីលទ្ធភាពដែលអាចបង្កការខូចខាត ឬមនុស្សរងគ្រោះថ្នាក់នោះឡើយ។ ដោយឡែក អគ្គកុងស៊ុលអាមេរិកប្រចាំទីក្រុង សាពប៉ូរ៉ូ (Sapporo) របស់ជប៉ុន ក៏បានអំពាវនាវឲ្យប្រជាជនទាំងឡាយ ឡើងមកកាន់ទីខ្ពស់ៗ ដើម្បីគេចចេញពីរលកយក្សស៊ូណាមិ ដែលអាចកើតមានផងដែរ។
គួរបញ្ជាក់តាមអាជ្ញាធរជប៉ុនថា គ្រោះរញ្ជួយដីកម្រិត ៧.២រ៉ិចទ័រ ដែលក្រោយមកត្រូវបានបន្ថយមកនៅត្រឹម ៧.០រ៉ិចទ័រខាងលើនេះ បានកើតមានពីក្នុងបាតសមុទ្រជម្រៅ ៦០គីឡូម៉ែត្រ ស្ថិតតំបន់ដែនសមុទ្រនៃខេត្ត មីយ៉ាគិ។ ប្រជាជនដែលរស់នៅទីក្រុង សិនដាយ (Sendai) នៃខេត្តភាគខាងកើតមួយនេះ ក៏បានទទួលដឹងអំពីការញ័ររញ្ជួយនេះផងដែរ៕