(បាងកក)៖ មជ្ឈមណ្ឌលគ្រប់គ្រងស្ថានការណ៍ COVID-19 របស់ប្រទេសថៃ (CCSA) នៅថ្ងៃសៅរ៍នេះបានរាយការណ៍ពីការរកឃើញ ករណីឆ្លងជំងឺ COVID-19 ថ្មីៗចំនួន ១១៩នាក់បន្ថែមទៀត ដែលភាគច្រើនជាករណីឆ្លងក្នុងស្រុក។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មានចិនស៊ីនហួរ នៅរសៀលថ្ងៃសៅរ៍ ទី២០ ខែមីនា ឆ្នាំ២០២១។
បើតាម CCSA ក្នុងចំណោមករណីឆ្លងថ្មីៗខាងលើ មាន ១១២ករណីជាករណីឆ្លងក្នុងស្រុក ក្នុងនោះរួមមាន ៣៨ករណី ត្រូវបានរកឃើញនៅទីក្រុង បាងកក (Bangkok), ៣៨ករណីនៅខេត្ត សាមុត សាខន (Samut Sakhon), ១៥ករណីនៅខេត្ត សាមុត ប្រាកាន (Samut Prakan), និង ២១ករណីទៀតនៅបណ្ដាខេត្តផ្សេងៗទៀត។ ចំណែកឯ ០៧ករណីផ្សេងទៀត ជាករណីនាំចូល ត្រូវបានរកឃើញនៅលើអ្នកដំណើរ ដែលបានវិលត្រលប់មកពីបរទេសវិញ។
គួរបញ្ជាក់ថា រហូតមកដល់ពេលនេះ ប្រទេសថៃបានកត់ត្រាករណីឆ្លង COVID-19 សរុបនៅទូទាំងប្រទេស ២៧,៧១៣ករណី ក្នុងនោះរួមមាន ២៤,៧៤៥ករណីជាករណីឆ្លងក្នុងស្រុក និង ២,៩៦៨ករណីទៀតជាករណីនាំចូល ខណៈអ្នកជំងឺ ៩០នាក់បានស្លាប់ និង ២៦,៥១២នាក់ទៀតបានជាសះស្បើយឡើងវិញ៕