(គូឡាឡាំពួរ)៖ នាយករដ្ឋមន្រ្តីម៉ាឡេស៊ី លោក មូហៃយីតឌីន យ៉ាសស៊ីន (Muhyiddin Yassin) នៅថ្ងៃសុក្រសប្ដាហ៍នេះបានសម្តែងការគាំទ្រយ៉ាងខ្លាំងចំពោះ ការអំពាវនាវរបស់ប្រធានាធិបតីឥណ្ឌូណេស៊ី លោក ចូកូ វីដូដូ (Joko Widodo) ឲ្យរៀបចំកិច្ចប្រជុំអាស៊ានកម្រិតខ្ពស់មួយជាបន្ទាន់ ដើម្បីដោះស្រាយស្ថានការណ៍ នៅក្នុងប្រទេសមីយ៉ាន់ម៉ា។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Bangkok Post នៅថ្ងៃសៅរ៍ ទី២០ ខែមីនា ឆ្នាំ២០២១។

លោក Muhyiddin បានគូសបញ្ជាក់នៅក្នុងសេចក្ដីថ្លែងការណ៍មួយថា ការប្រើប្រាស់អំពើហិង្សាដ៏សាហាវឃោឃៅប្រឆាំងនឹងជនស៊ីវិលដែលមិនមានអាវុធគឺពិតជារឿង ដែលមិនអាចទទួលយកបានទេ។ ស្ថានការណ៍ដ៏អាក្រក់បែបនេះត្រូវតែបញ្ឈប់ជាបន្ទាន់ ដោយបានជំរុញឲ្យមេដឹកនាំយោធាមីយ៉ាន់ម៉ា «ផ្លាស់ប្តូរទិសដៅរបស់ខ្លួន និងជ្រើសរើសផ្លូវឆ្ពោះទៅរកដំណោះស្រាយដោយសន្តិវិធី»

លោក Muhyiddin បានគូសបញ្ជាក់បន្ថែមដូច្នេះថា៖ «យើងនៅក្នុងប្រទេសម៉ាឡេស៊ី និងសហគមន៍អាស៊ានដែលមានប្រទេសចំនួន១០ ជាសមាជិកមិនអាចឈរមើល ប្រទេសមីយ៉ាន់ម៉ាជាបងប្អូនរបស់យើងក្លាយជាប្រទេសដែលអស្ថិរភាពនៅក្នុងកណ្តាប់ដៃរបស់មនុស្សមួយចំនួន ដែលប្រព្រឹត្តទៅដើម្បីលើកកម្ពស់ផលប្រយោជន៍
ផ្ទាល់ខ្លួនរបស់ពួកគេនោះទេ»

គួរបញ្ជាក់ថា ប្រធានាធិបតីឥណ្ឌូណេស៊ី កាលពីថ្ងៃសុក្រសប្ដាហ៍នេះ បានអំពាវនាវឲ្យបញ្ឈប់ការប្រើប្រាស់អំពើហិង្សា និងស្ដារលទ្ធិប្រជាធិបតេយ្យឡើងវិញ នៅក្នុងប្រទេសមីយ៉ាន់ម៉ា និងបានអំពាវនាវឲ្យប្រធានសមាគមន៍អាស៊ានរៀបចំកិច្ចប្រជុំកម្រិតខ្ពស់មួយជាបន្ទាន់ ដើម្បីពិភាក្សាអំពីស្ថានការណ៍នៅទីនោះ៕