(រ៉ង់ហ្គូន)៖ ក្រុមកម្មកររោងចក្រកាត់ដេរសម្លៀកបំពាក់ នៅក្នុងប្រទេសមីយ៉ាន់ម៉ា បានអំពាវនាវឱ្យក្រុមហ៊ុនម៉ាកសញ្ញាល្បីៗនៅទូទាំងពិភពលោក រួមគ្នាថ្កោលទោសរដ្ឋប្រហារយោធាកាលពីថ្ងៃទី០១ ខែកុម្ភៈកន្លងទៅ ខណៈមនុស្សច្រើនជាង ១៨០នាក់ហើយបានស្លាប់ នៅក្នុងការបង្រ្កាបពីសំណាក់កម្លាំងសន្តិសុខ នៃរដ្ឋាភិបាលយោធាមីយ៉ាន់ម៉ា។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មាន AP នៅរសៀលថ្ងៃសៅរ៍ ទី២០ ខែមីនា ឆ្នាំ២០២១។
កម្មករ-កម្មការិនីជាច្រើននាក់ បានសម្រេចចិត្តធ្វើកូដកម្មដោយឈប់ធ្វើការ ដើម្បីចូលរួមក្នុងបាតុកម្មតវ៉ាប្រឆាំងរដ្ឋប្រហារ ដែលជាការជំរុញឱ្យក្រុមហ៊ុនម៉ាកសញ្ញាល្បីៗ នៅទូទាំងពិភពលោក ដូចជាក្រុមហ៊ុន H&M និងក្រុមហ៊ុន មែងហ្គោ (Mango) ជាដើម រួមគ្នាថ្កោលទោសរដ្ឋប្រហារយោធា ព្រមទាំងដាក់សម្ពាធលើរោងចក្រនានា ដើម្បីការពារសិទ្ធិកម្មករពីការបណ្ដេញចេញពីការងារ និងការរំលោភបំពាននានា។
គួរបញ្ជាក់ថា មកទល់នឹងពេលនេះ ក្រុមបាតុករដែលបានចូលរួមក្នុង «ចលនាស៊ីវិលមិនចុះញ៉ម» ឬគេស្គាល់ថា CDM ដែលក្នុងនោះរួមមានកម្មករផ្លូវដែក, អ្នកបើករថយន្ដធំៗ, គ្រូពេទ្យ, បុគ្គលិកធនាគារ និងកម្មករ-កម្មការិនីរោងចក្រជាដើម នៅតែបន្តធ្វើបាតុកម្មតវ៉ាប្រឆាំងរដ្ឋប្រហារ និងទាមទារឱ្យដោះលែង លោកស្រី អោង សាន ស៊ូ ជី ព្រមទាំងមនុស្សជាច្រើននាក់ទៀត ដែលកំពុងជាប់ឃុំឱ្យមានសេរីភាពឡើងវិញ។
ទោះជាយ៉ាងណា ខាងរបបដឹកនាំយោធានៅតែបន្តប្រើធម៌ក្ដៅ តាមរយៈការដាក់ចេញច្បាប់អាជ្ញាសឹក នៅតាមតំបន់មួយចំនួនក្នុងទីក្រុងរ៉ង់ហ្គូន បើទោះជាមានការដាក់ទណ្ឌកម្មពីសំណាក់សហរដ្ឋអាមេរិក និងបណ្ដាប្រទេសលោកខាងលិចក៏ដោយ។ បន្ថែមពីនេះកាលពីថ្ងៃសុក្រម្សិលមិញ ប្រជាជនមីយ៉ាន់ម៉ាជាច្រើនត្រូវបានគេរាយការណ៍ថា កំពុងបន្តសម្រុកចេញពីទីក្រុងរ៉ង់ហ្គូន ដោយសារការព្រួយបារម្ភអំពីសុវត្ថិភាព៕