(ស៊ីដនី)៖ ក្រុមមន្រ្តីប៉ូលិសអូស្រ្តាលី នៅថ្ងៃសៅរ៍នេះបានបញ្ជាឱ្យមនុស្សជាច្រើនដែលរស់នៅតំបន់ទំនាបតាមបណ្ដោយឆ្នេរសមុទ្រភាគខាងកើត នៃប្រទេសអូស្ត្រាលី ជម្លៀសខ្លួនចេញ ដោយសារតែភ្លៀងធ្លាក់ខ្លាំងបង្កឱ្យមានទឹកជំនន់ដែលអាច «គំរាមកំហែងដល់អាយុជីវិត» នៅទូទាំងតំបន់។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មាន AFP នៅថ្ងៃសៅរ៍ ទី២០ ខែមីនា ឆ្នាំ២០២១។
ក្រុមមន្រ្តីប៉ូលិសបានគូសបញ្ជាក់ថាមនុស្សរាប់រយនាក់បានសម្រុកទៅកាន់មជ្ឈមណ្ឌលជម្លៀសនៅតំបន់ភាគខាងជើងទីក្រុងស៊ីដនី (Sydney) នៃរដ្ឋញូសោតវែលស៍ (New South Wales) ហើយពួកគេរំពឹងថានឹងមានមនុស្សជាច្រើនទៀតស្វែងរកទីជំរកសុវត្ថភាព ខណៈភ្លៀងធ្លាក់ខ្លាំងផ្លាស់ទីទៅបក់បោកនៅតាមបណ្ដោយ ឆ្នេរសមុទ្រភាគខាងត្បូងវិញ។
ការិយាល័យឧតុនិយមអូស្រ្តាលីបានរាយការណ៍ថាកម្រិតទឹកជំនន់បានកើនឡើងខ្លាំងលើសកំណត់ត្រានៃកម្រិតទឹកជំនន់កាលពីឆ្នាំ២០១៣ដែលជន់លិចតំបន់នៅតាម បណ្ដោយដងទន្លេ ហាស្ទីង (Hastings) ខាងក្រៅកំពង់ផែ ម៉ាកខ្វារី (Macquarie) ដែលមានចម្ងាយប្រហែល ៤០០គីឡូម៉ែត្រពីភាគខាងជើងទីក្រុងស៊ីដនី។
ការិយាល័យឧតុនិយមអូស្រ្តាលីបានរាយការណ៍បន្ថែមថា ទីប្រជុំជនក្នុងតំបន់ ត្រូវបានគេកត់សម្គាល់ឃើញថា មានកម្រិតទឹកភ្លៀងធ្លាក់ខ្លាំងបំផុតគឺជាង៣០០មីល្លីម៉ែត្រ ដែលធ្លាក់ចាប់តាំងពីព្រឹកថ្ងៃសុក្រមកម្ល៉េះ ហើយភ្លៀងធ្លាក់ខ្លាំងនេះត្រូវបានគេព្យាករណ៍ថានឹងបន្តធ្លាក់រហូតដល់ថ្ងៃសៅរ៍ «ដែលអាចនាំឱ្យមានទឹកជំនន់ ដែលគំរាមកំហែងដល់អាយុជីវិតនៅទូទាំងតំបន់»។
គួរបញ្ជាក់ថា សេវាកម្មសង្គ្រោះបន្ទាន់បានរាយការណ៍ថា ខ្លួនបានទទួលការហៅជំនួយពីមនុស្សជាង៥០០នាក់ហើយ និងបានជួយសង្គ្រោះតំបន់ដែល រងគ្រោះដោយទឹកជំនន់ចំនួន១៨០កន្លែង ក្នុងរយៈពេលពេញមួយយប់នៅភាគខាងជើងនៃតំបន់រងគ្រោះ៕