Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ក្រុមមន្រ្តីការទូតជាន់ខ្ពស់ចិន គូសបញ្ជាក់ពីជំហររបស់ចិន ក្នុងកិច្ចជំនួបយុទ្ធសាស្ត្រជាមួយអាមេរិក ​​​​(Video inside)

19-03-2021 15:35

(អាឡាស្កា)៖ នាថ្ងៃព្រហស្បតិ៍ ទី១៨ ខែមីនា (ពេលវេលាក្នុងតំបន់នៅរដ្ឋអាឡាស្កា) លោក Yang Jiechi សមាជិកការិយាល័យនយោបាយ នៃគណៈកម្មាធិការមជ្ឈិមបក្សកម្មុយនិស្តចិន និងជាប្រធានការិយាល័យ នៃគណៈកម្មការកិច្ចការទូត នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិន រួមជាមួយលោក Wang Yi សមាជិកក្រុមប្រឹក្សាកិច្ចការរដ្ឋ និងជារដ្ឋមន្ត្រីក្រសួងការបរទេសចិន បានធ្វើកិច្ចសន្ទនាយុទ្ធសាស្ត្រជាន់ខ្ពស់រវាងចិននិងអាមេរិក ជាមួយលោក Blinken រដ្ឋមន្ត្រីការបរទេសអាមេរិក និងលោក Sullivan ឧបការីប្រធានាធិបតីអាមេរិកទទួលបន្ទុកកិច្ចការសន្តិសុខជាតិ នៅក្រុង Anchorage សហរដ្ឋអាមេរិក។

ជាកិច្ចចាប់ផ្តើមនៃកិច្ចជំនួប លោក Yang Jiechi បានគូសបញ្ជាក់ពីជំហររបស់ប្រទេសចិនថា៖ «ភាគីចិនសង្ឃឹមថា កិច្ចជំនួបលើកនេះធ្វើឡើងដោយភាពស្មោះត្រង់។ ប្រទេសទាំងពីរគឺ ចិននិងអាមេរិកសុទ្ធតែជា ប្រទេសធំលើពិភពលោក ដូចនេះមានទំនួលខុសត្រូវលើការគាំពារសន្តិភាព ស្ថិរភាព និងវិវឌ្ឍនភាពក្នុងតំបន់និងពិភពលោក»

លោក Yang Jiechi បានបន្ថែមទៀតថា ប្រទេសដ៏ច្រើនលើសលប់លើពិភពលោក សុទ្ធតែមិនទទួលស្គាល់ថា តម្លៃនៃអាមេរិកគឺជាតម្លៃអន្តរជាតិនោះទេ ហើយក៏មិនទទួលស្គាល់នូវ អ្វីដែលអាមេរិកបាននិយាយ គឺជាមតិអន្តរជាតិ ក៏ដូចជាមិនទទួលស្គាល់ថា ច្បាប់ដែលកំណត់ដោយប្រទេសមួយចំនួនតូច គឺជាច្បាប់អន្តរជាតិនោះដែរ។ អាមេរិកមានប្រជាធិបតេយ្យ តាមរបៀបអាមេរិក ចិនមានប្រជាធិបតេយ្យតាមរបៀបចិន។ អ្វីដែលអាមេរិកគួរធ្វើ គឺកែប្រែរូបភាពរបស់ខ្លួន និងធ្វើកិច្ចការខ្លួនឯងឱ្យបានល្អ។

ដោយឡែក លោក Wang Yi បានថ្លែងថា៖ «ប៉ុន្មានឆ្នាំចុងក្រោយនេះ ផលប្រយោជន៍ស្របច្បាប់របស់ប្រទេសចិន បានរងការដាក់សម្ពាធដោយមិនសមហេតុផល ទំនាក់ទំនងចិននិងអាមេរិកជួបប្រទះនឹង ឧបសគ្គដ៏ធ្ងន់ធ្ងរដែលមិនធ្លាប់មាន។ សភាពការណ៍បែបនេះ បានបំផ្លាញផលប្រយោជន៍របស់ប្រជាជននៃប្រទេសទាំងពីរ ក៏ដូចជាស្ថិរភាពនិងការអភិវឌ្ឍនៃពិភពលោកផងដែរ យើងមិនគួរឱ្យវាបន្តអូសបន្លាយទៅមុខទៀតនោះទេ»

ដោយ៖ វិទ្យុមិត្តភាពកម្ពុជា-ចិន