(វ៉ាស៉ីនតោន)៖ ទីភ្នាក់ងារអវកាសអាមេរិក NASA ទើបតែបានធ្វើតេស្តសំខាន់មួយទៅលើ ប្រព័ន្ធរ៉ុក្កែតយក្សរបស់ខ្លួន ហោថា Space Launch System ឬ SLS ដែលនឹងត្រូវប្រើប្រាស់សម្រាប់បេសកកម្ម Artemis គឺការបញ្ជូនអវកាសយានិកអាមេរិក ឲ្យត្រឡប់ទៅជាន់ដីព្រះច័ន្ទជាថ្មីម្តងទៀតនៅឆ្នាំ២០២៤។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី១៩ ខែមីនា ឆ្នាំ២០២១។
នៅថ្ងៃព្រហស្បតិ៍ស ប្តាហ៍នេះ (ពេលវេលាក្នុងតំបន់នៅសហរដ្ឋអាមេរិក) ទីភ្នាក់ងារអវកាស NASA បានធ្វើតេស្តបញ្ឆេះម៉ាស៉ីនគ្រាប់រ៉ុក្កែត SLS នៅមជ្ឈមណ្ឌលអវកាស Stennis នៃរដ្ឋ Mississippi។ កំឡុងការធ្វើតេស្តនោះ ម៉ាស៉ីន RS-25 ទាំង០៤គ្រឿងរបស់វាបានរោទ៍ឡើង រយៈពេលពេញ០៨នាទីតាមការគ្រោងទុក និងបញ្ចេញដុំពពកផ្សែងសក្បុស។ ក្រោយការធ្វើតេស្តបញ្ចប់ទៅវិញ ក្រុមបុគ្គលិករបស់ NASA បាននាំគ្នាសម្អែងការត្រេកអរជាខ្លាំង ហើយបណ្តាក្រុមហ៊ុនផ្សេងៗក្នុងវិស័យអវកាស បានចេញមុខអបអរសាទរ NASA សម្រាប់ការទទួលជោគជ័យនេះ។
ជំហានបន្ទាប់ទៀត គឺគ្រាប់រ៉ុក្កែត SLS នឹងត្រូវដឹកជញ្ជូនទៅកាន់មជ្ឈមណ្ឌលអវកាស Kennedy ក្នុងរដ្ឋផ្លូរីដា ដើម្បីផ្គុំចូលគ្នាជាមួយយានអវកាសសម្រាប់ដឹកអវកាសយានិក ហៅថា Orion។ គ្រាប់រ៉ុក្កែត SLS ត្រូវបានផលិតឡើងដោយក្រុមហ៊ុន Boeing ខណៈ យាន Orion គឺជាស្នាដៃរបស់ក្រុមហ៊ុន Lockheed Martin។
គួរបញ្ជាក់ថា អង្គការ NASA កំពុងគ្រោងធ្វើតេស្តបញ្ជូនយាន Orion ឲ្យទៅគោចរជុំវិញព្រះច័ន្ទ ដោយពុំមានដឹកអវកាសយានិក នៅខ្ទង់ខែវិច្ឆិកា ខាងមុខ ខណៈគោលដៅចម្បងគឺ បញ្ជូនអវកាសយានិកអាមេរិកឲ្យទៅដល់លើផ្ទៃព្រះច័ន្ទបាន នៅឆ្នាំ២០២៤ តែកម្មវិធីអភិវឌ្ឍន៍ប្រព័ន្ធគ្រាប់រ៉ុក្កែត SLS នេះ គឺយឺតជាងកាលវិភាគប្រមាណ០៣ឆ្នាំ ហើយលើសកញ្ចប់ថវិកាដល់ទៅជិត ០៣ពាន់លានដុល្លារថែមទៀត៕