(ម៉ានីល)៖ រដ្ឋបាលចំណីអាហារ និងឱសថ (FDA) នៃប្រទេសហ្វីលីពីន នៅព្រឹកថ្ងៃសុក្រ ទី១៩ ខែមីនា ឆ្នាំ២០២១នេះ បានអនុម័តហើយលើវ៉ាក់សាំង COVID-19 Sputnik V របស់រុស្ស៊ីសម្រាប់ការប្រើប្រាស់បន្ទាន់ ខណៈប្រទេសអាស៊ានមួយនេះកំពុងតស៊ូប្រយុទ្ធ នឹងការកើនឡើងជាថ្មីនូវករណីឆ្លង COVID-19។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters។
វ៉ាក់សាំង Sputnik V អភិវឌ្ឍឡើងដោយវិទ្យាស្ថានរុស្ស៊ី ហ្គាម៉ាឡេយ៉ា (Gamaleya Institute) បានក្លាយជាវ៉ាក់សាំងទី ៤ ដែលទទួលបានការអនុញ្ញាតឱ្យប្រើប្រាស់ ក្នុងករណីបន្ទាន់នៅប្រទេសហ្វីលីពីន បន្ទាប់ពីវ៉ាក់សាំងរបស់ក្រុមហ៊ុន Pfizer, AstraZeneca និងក្រុមហ៊ុន Sinovac Biotech។ នៅក្នុងសន្និសីទសារព័ត៌មានមួយ នាយក FDA លោក រ៉ូឡេនដូ អ៊ែនរីក ដូមីងហ្គោ (Rolando Enrique Domingo) បានគូសបញ្ជាក់យ៉ាងដូច្នេះថា «វ៉ាក់សាំងរុស្ស៊ី Sputnik V របស់វិទ្យាស្ថាន Gamaleya គឺមានសក្ដានុពលផលប្រយោជន៍ លើសពីសក្ដានុពលហានិភ័យ»។
លោក Domingo បានបញ្ជាក់បន្ថែមទៀតថា លទ្ធផលបឋមបង្ហាញថា វ៉ាក់សាំង Sputnik V ចំនួន ០២ដូសមានប្រសិទ្ធភាព ៩១.៦ភាគរយ ចំពោះមនុស្សមានវ័យ ១៨ឆ្នាំ និងមានវ័យចំណាស់។
គួរបញ្ជាក់ថា រដ្ឋាភិបាលលោកប្រធានាធិបតី រ៉ូឌ្រីហ្គោ ឌូតើតេ មានផែនការចាក់វ៉ាក់សាំង ១៤០.៥លានដូស ជូនប្រជាជនហ្វីលីពីននៅត្រឹមខែធ្នូ ឆ្នាំ២០២១ ដែលគ្រប់គ្រាន់ចាក់ជូនប្រជាជនពេញវ័យ ៧០លាននាក់។ ហ្វីលីពីនបានចាប់ផ្ដើមយុទ្ធនាការចាក់វ៉ាក់សាំងកាលពីថ្ងៃទី១ ខែមីនាកន្លងទៅនេះ ជាមួយវ៉ាក់សាំង Sinovac និង AstraZeneca ចំនួន ១,១២៥,០០០ដូស៕