(ប៉េកាំង)៖ ឆ្លងតាមការខិតខំប្រឹងប្រែង ធ្វើកំណែទម្រង់និងបើកទូលាយ អស់រយៈពេលជាង៤០ឆ្នាំ ប្រទេសចិនបានស្វែងរកផ្លូវអភិវឌ្ឍន៍ និងជួយលុបបំបាត់ភាពក្រីក្រ ប្រកបដោយលក្ខណៈពិសេសដោយជោគជ័យ ហើយនៅខែកុម្ភៈឆ្នាំនេះ ចិនបានប្រកាសជាផ្លូវការថា បានលុបបំបាត់ភាពក្រីក្រដាច់ខាត។
បើមើលពីសមិទ្ធផលនៅទូទាំងប្រទេសចិន ក្នុងយុទ្ធនាការពុះពារឧបសគ្គក្នុងការលុបបំបាត់ភាពក្រីក្រ អស់រយៈពេល៨ឆ្នាំ ភូមិក្រីក្រចំនួន១២៨,០០០ បានចេញផុតពីភាពក្រីក្រ ស្រុកក្រីក្រចំនួន៨៣២បានលុបបំបាត់ភាពក្រីក្រ មានមនុស្សជិត១០០លាននាក់ បានចេញផុតពីភាពក្រីក្រដាច់ខាត ដែលបានបង្កើតអច្ឆរិយកាត់បន្ថយភាពក្រីក្ររបស់មនុស្សជាតិ។
ក្នុងនាមជាប្រទេសកំពុងអភិវឌ្ឍន៍ធំបំផុតលើពិភពលោក សមិទ្ធផលក្នុងការលុបបំបាត់ភាពក្រីក្ររបស់ចិន បានបង្ហាញនូវការវិវឌ្ឍរីកចម្រើនយ៉ាងលេចធ្លោ ក្នុងការការពារសិទ្ធិមនុស្ស ហើយក៏បានជំរុញយ៉ាងខ្លាំងនូវ ដំណើរលុបបំបាត់ភាពក្រីក្រសកលផងដែរ។ តាមទិន្នន័យបង្ហាញឱ្យដឹងថា អត្រារួមចំណែករបស់ចិន ក្នុងការកាត់បន្ថយភាពក្រីក្រពិភពលោក បានលើសពី៧០ភាគរយ ដែលបានសម្រេចគោលដៅ នៃការកាត់បន្ថយភាពក្រីក្រនៃ «របៀបវារៈអភិវឌ្ឍជានិរន្តរភាពឆ្នាំ២០៣០អង្គការសហប្រជាជាតិ» មុនពេលកំណត់រយៈពេល១០ឆ្នាំ។
លោក Matteo Marchisio តំណាងមូលនិធិអភិវឌ្ឍកសិកម្មអន្តរជាតិ នៃអង្គការសហប្រជាជាតិប្រចាំនៅប្រទេសចិន បានវាយតម្លៃថា ចិនបានបញ្ជាក់ថា ការយកឈ្នះលើភាពក្រីក្រ មិនមែនជាគំនិតស្រមើស្រមៃនោះទេ គឺជាគំនិតអាចសម្រេចបានទាំងស្រុង ហើយអាចសម្រេចបានក្នុងយុគសម័យជំនាន់យើង។
លោកបានបង្ហាញថា «នេះជាការរួមចំណែកដ៏មានតម្លៃបំផុតរបស់ប្រទេសចិន ចំពោះកិច្ចការកាត់បន្ថយភាពក្រីក្រសកល» ក្នុងវេទិកាអន្តរជាតិស្តីពី ការចែករំលែកបទពិសោធន៍ក្នុងការកាត់បន្ថយភាពក្រីក្រ ដែលរៀបចំធ្វើនៅចុងឆ្នាំ២០២០។ ឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទកម្ពុជា បានថ្លែងថា «យើងបានអនុវត្តកម្មវិធីសំខាន់មួយចំនួន ដែលបានរៀនសូត្រពីបទពិសោធន៍ជោគជ័យ នៃការអភិវឌ្ឍរបស់ចិន» ហើយលោកបានសង្កត់ធ្ងន់អំពីសារៈសំខាន់ នៃការចូលរួមរបស់សាធារណៈរដ្ឋប្រជាមានិតចិន ក្នុងការគាំទ្រការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធជនបទនៅកម្ពុជា។
យ៉ាងណាមិញ ការលុបបំបាត់ភាពក្រីក្រមិនមែនជាទីបញ្ចប់ទេ គឺជាទីចាប់ផ្តើមនៃជីវភាពរស់នៅថ្មី និងការតស៊ូព្យាយាមថ្មី។
ទន្ទឹមនឹងប្រទេសចិនទទួលបានជោគជ័យ ក្នុងយុទ្ធនាការពុះពារឧបសគ្គ ក្នុងការលុបបំបាត់ភាពក្រីក្រ តើធ្វើយ៉ាងណាអាចឱ្យជនបទចិនមានវិបុលភាព បានក្លាយជាបញ្ហាប្រឈមដ៏សំខាន់ ដែលអ្នកកាន់អំណាចរបស់ចិនគួរតែដោះស្រាយ ។ នេះជាភារកិច្ចសំខាន់មួយ ក្នុងការសម្រេចឱ្យប្រទេសជាតិចិន ងើបឡើងវិញដ៏មហិមា។
លោក ស៊ី ជីនភីង ប្រធានរដ្ឋចិនបានថ្លែងថា ការធ្វើឱ្យជនបទចិនមានវិបុលភាពដោយគ្រប់ជ្រុងជ្រោយ និងទូលំទួលាយ ការងារនេះមានភាពកាន់តែលំបាក បើប្រៀបធៀបនិងការពុះពារឧបសគ្គ ក្នុងការលុបបំបាត់ភាពក្រីក្រ។ ប្រទេសចិនកំពុងចាត់វិធានការខ្លាំងក្លានិងគ្រប់បែបយ៉ាង ដើម្បីជួយតំបន់ជនបទលើកកម្ពស់កម្លាំងផលិតភាពកសិកម្ម ជួយឧបត្ថម្ភសហគ្រាស នៅជនបទទទួលបានការអភិវឌ្ឍ កៀរគរការវិនិយោគនៅជនបទ អភិវឌ្ឍមុខរបរទេសចរណ៍នៅជនបទ និងបង្កើតវេទិកាពាណិជ្ជកម្មអេឡិចត្រូនិក សម្រាប់ឱ្យកសិករលក់ដូរកសិផលជាដើម ដើម្បីជំរុញការអភិវឌ្ឍនិងវិបុលភាពនៃតំបន់ជនបទ។
យុទ្ធសាស្ត្រធ្វើឱ្យជនបទចិនមានវិបុលភាព ពុំត្រឹមតែត្រូវធ្វើការខិតខំប្រឹងប្រែងមិនឱ្យសមិទ្ធផលលុបបំបាត់ ភាពក្រីក្រថយក្រោយប៉ុណ្ណោះទេ ព្រមពេលជាមួយគ្នានេះក៏ត្រូវតាំងមូលដ្ឋាន ដើម្បីទទួលបានការរីកចម្រើនយ៉ាងឆាប់រហ័ស នៅពេលអនាគតផងដែរ។ ក្នុងផែនការអភិវឌ្ឍរបស់ចិននៅពេលអនាគត ការធ្វើឱ្យជនបទមានវិបុលភាពនឹងក្លាយជា ការទ្រទ្រង់ដើម្បីពង្រឹងសមិទ្ធផល នៃការលុបបំបាត់ភាពក្រីក្រ៕