(វ៉ាស៉ីនតោន)៖ សេតវិមាននៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ (ពេលវេលានៅវ៉ាស៉ីនតោន) បានប្រកាសថា សហរដ្ឋអាមេរិកកំពុងឈានដល់ការសម្រេចគោលដៅរបស់ លោកប្រធានាធិបតី ចូ បៃដិន ក្នុងការចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 ចំនួន ១០០លានដូសក្នុងរយៈពេល ១០០ថ្ងៃដំបូង នៃការកាន់តំណែងប្រធានាធិបតីរបស់លោក ប៉ុន្មានសប្ដាហ៍មុនពេលកំណត់ហើយ ខណៈប្រទេសនេះកំពុងស្ថិតក្នុងជំហរមួយ ក្នុងការជួយផ្គត់ផ្គង់វ៉ាក់សាំងបង្ការជំងឺឆ្លងរាតត្បាត ដ៏កាចសាហាវនេះដល់ប្រទេសជិតខាងទាំងពីរគឺ កាណាដា និងម៉ិចស៉ីកូ ចំនួនរាប់លានដូសផងដែរ។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CTV នៅព្រឹកថ្ងៃសុក្រ ទី១៩ ខែមីនា ឆ្នាំ២០២១។
រដ្ឋបាលរបស់លោកប្រធានាធិបតី ចូ បៃដិន បានបង្ហាញពីគម្រោងការជួយផ្គត់ផ្គង់ វ៉ាក់សាំងបង្ការជំងឺ COVID-19 ដល់ប្រទេសកាណាដា និងម៉ិចស៉ីកូ ខណៈលោកប្រធានាធិបតីបានប្រកាសថា សហរដ្ឋអាមេរិកកំពុងឈានដល់ការសម្រេចគោលដៅ ចាក់វ៉ាក់សាំងចំនួន ១០០លានដូសក្នុងរយៈពេល ១០០ថ្ងៃរបស់លោក «មុនពេលកំណត់» ហើយ។
លោក បៃដិន បានលើកឡើងថា «ខ្ញុំមានមោទនភាពសូមប្រកាសថា ថ្ងៃស្អែកនេះគឺជារយៈពេល ៥៨ថ្ងៃនៅក្នុងរដ្ឋបាលដឹកនាំរបស់យើង ដែលយើងនឹងសម្រេចបានតាមគោលដៅហើយ»។ លោក បៃដិន បានសន្យាថា នឹងបង្ហាញផែនការចាក់វ៉ាក់សាំងថ្មីមួយទៀត នៅសប្តាហ៍ក្រោយ ព្រោះសហរដ្ឋអាមេរិកកំពុងមានលទ្ធភាពគ្រប់គ្រាន់ ក្នុងការចាក់វ៉ាក់សាំងដែលមានការអនុញ្ញាតចំនួន ៣ នាពេលបច្ចុប្បន្ននេះ ដល់មនុស្សពេញវ័យទាំងអស់ត្រឹមតែរយៈពេល ១០សប្តាហ៍ទៀតប៉ុណ្ណោះចាប់ពីពេលនេះតទៅ។
គួរបញ្ជាក់ថា ចាប់ពីថ្ងៃដំបូងនៃតំណែងជាប្រធានាធិបតីអាមេរិក លោក បៃដិន បានកំណត់គោលដៅយ៉ាងច្បាស់ ដែលអាចធ្វើទៅបានដើម្បីជួយសហរដ្ឋអាមេរិក ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺ COVID-19 នេះដោយជោគជ័យ។ គោលដៅនៃការចាក់វ៉ាក់សាំងចំនួន ១០០លានដូស ត្រូវបានប្រកាសជាលើកដំបូងនៅថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២០ កន្លងទៅនេះ ដែលពេលនោះសហរដ្ឋអាមេរិកមានវ៉ាក់សាំងតែមួយគត់ ដែលត្រូវបានអនុញ្ញាតឱ្យប្រើប្រាស់ ជាលក្ខណៈបន្ទាន់៕