(ប៉ារីស)៖ ប្រទេសបារាំងបានសម្រេចដាក់ចេញនូវវិធានការបិទទ្វារ (lockdown) រយៈពេលមួយខែទៅលើទីក្រុងប៉ារីស និងតំបន់ភាគខាងជើង នៃប្រទេសអឺរ៉ុបមួយនេះហើយ ដោយសារតែមានការឆ្លងរីករាលដាល កាន់តែខ្លាំងឡើងៗនៃវីរុសកូរ៉ូណា (COVID-19) បំប្លែងខ្លួនថ្មីនៅក្នុងប្រទេស។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី១៩ ខែមីនា ឆ្នាំ២០២១។
នាយករដ្ឋមន្រ្តីបារាំង លោក ហ្សង់ កាស្តិច (Jean Castex) បានគូសបញ្ជាក់ប្រាប់សន្និសីទសារព័ត៌មានថា ប្រទេសបារាំងកំពុងស្ថិតក្នុង ការប្រយុទ្ធប្រឆាំងនឹងរលកទី ៣ នៃការរាតត្បាតវីរុស COVID-19 បំប្លែងខ្លួនថ្មី ដែលត្រូវបានគេរកឃើញដំបូងបង្អស់ នៅចក្រភពអង់គ្លេស ហើយឥឡូវនេះ ៧៥% នៃអត្រាឆ្លងថ្មីៗនៅបារាំង គឺជាប្រភេទវីរុសបំប្លែងថ្មីនេះឯង។ ប្រព័ន្ធថែទាំ និងព្យាបាលអ្នកជំងឺក៏កំពុងស្ថិតក្នុងស្ថានភាពអាក្រក់ដែរ ជាពិសេសនៅតំបន់ទីក្រុងប៉ារីស ដែលអត្រាឆ្លងវីរុសដ៏កាចសាហាវនេះ មានលើសពី ៤០០នាក់ឯណោះក្នុងចំណោមប្រជាជន ១០០,០០០នាក់។
លោក Castex បានគូសបញ្ជាក់បន្ថែមថា «ការឆ្លងរីករាលដាលនៃវីរុស COVID-19 បំប្លែងខ្លួនថ្មីនេះ កាន់តែមានសភាពធ្ងន់ធ្ងរទៅៗហើយ។ ការទទួលខុសត្រូវរបស់យើងនាពេលឥឡូវនេះ គឺមិនអនុញ្ញាតឱ្យវារួចចេញផុត ពីការគ្រប់គ្រងរបស់យើងឡើយ ហើយពេលនេះគឺជាពេលវេលា ដែលយើងត្រូវចាប់ផ្ដើមវិធានការរឹតបន្តឹងសាជាថ្មី ដើម្បីប្រយុទ្ធប្រឆាំងនឹងវា»។
ហាងកាត់សក់ ហាងលក់សំលៀកបំពាក់ និងហាងលក់គ្រឿងសង្ហារឹម នឹងត្រូវបិទទ្វារ បើទោះបីជាហាងលក់សៀវភៅ និងកន្លែងផ្សេងទៀតដែលលក់ទំនិញសំខាន់ៗ អាចនៅបន្តបើកដំណើរការបានក៏ដោយ។ សាលារៀន នឹងនៅតែបើកដំណើរការដដែល ហើយប្រជាជននឹងត្រូវបានអនុញ្ញាត ឱ្យធ្វើលំហាត់ប្រាណនៅខាងក្រៅផ្ទះ ដែលមានចម្ងាយត្រឹម ១០គីឡូម៉ែត្រពីផ្ទះរបស់ពួកគេ។ ចំណែកឯការធ្វើដំណើរចេញពីតំបន់រងគ្រោះខ្លាំងបំផុត នឹងមិនត្រូវបានអនុញ្ញាតឡើយ ប្រសិនបើគ្មានហេតុផលសមស្របណាមួយនោះ។
លោកនាយករដ្ឋមន្ត្រីបារាំងបានក្រើនរំលឹកទៀតថា ប្រជាជនបារាំងអាចចេញពីផ្ទះ ដើម្បីទៅលេងនៅខាងក្រៅបានដដែល ប៉ុន្តែមិនមែនទៅជួបជុំគ្នាជប់លៀងនោះឡើយ។ កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញនេះ បារាំងបានរាយការណ៍ ពីការរកឃើញមនុស្សសរុបជាង ៣៥,០០០នាក់ឆ្លងជំងឺ COVID-19 នៅក្នុងរយៈពេលតែមួយថ្ងៃប៉ុណ្ណោះ។
គួរបញ្ជាក់ថា វិធានការរឹតត្បឹត និងវិធានការបិទទ្វារ (lockdowns) នឹងចាប់ផ្តើមពីពាក់កណ្ដាលអាធ្រាត្រថ្ងៃសុក្រសប្ដាហ៍នេះតទៅ នៅក្នុងតំបន់ដែលរងគ្រោះដោយសារ COVID-19 ខ្លាំងបំផុតចំនួន ១៦ របស់ប្រទេសបារាំង៕