(ប៉េកាំង)៖ ចិនគ្រោងនឹងបើកសវនាការស្ដាប់មួយជាលើកដំបូង នៅថ្ងៃសុក្រនេះលើពលរដ្ឋកាណាដា ម្នាក់ក្នុងចំណោម ០២នាក់ ដែលបានជាប់ឃុំអស់រយៈពេលជាង ២ឆ្នាំមកនេះ ហើយការចាប់ឃុំខ្លួននេះត្រូវបានមជ្ឈដ្ឋានខ្លះយល់ថា ជាការសងសឹកទៅនឹងរដ្ឋាភិបាលកាណាដា ជុំវិញការឃាត់ខ្លួន នាយកប្រតិបត្តិផ្នែកហិរញ្ញវត្ថុរបស់ក្រុមហ៊ុនចិន Huawei គឺលោកស្រី ម៉េង វ៉ានចូវ (Meng Wanzhou)។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មាន AP នៅព្រឹកថ្ងៃសុក្រ ទី១៩ ខែមីនា ឆ្នាំ២០២១។

បើតាមអាជ្ញាធរចិន សវនាការស្ដាប់សម្រាប់ពលរដ្ឋកាណាដា គឺលោក ម៉ៃខឺល ស្ពាវ័រ (Michael Spavor) នឹងត្រូវធ្វើឡើងនៅថ្ងៃសុក្រនេះ រីឯសវនាការបស់លោក ម៉ៃខឺល កូវរីក (Michael Kovrig) គ្រោងនឹង ត្រូវធ្វើឡើងនៅថ្ងៃចន្ទសប្ដាហ៍ក្រោយ ដែលសុទ្ធតែពាក់ព័ន្ធ នឹងការចោទប្រកាន់ពីបទធ្វើចារកម្ម។ ប៉ុន្តែព្រមពេលជាមួយគ្នា រដ្ឋាភិបាលកាណាដាបានឱ្យដឹងថា មន្ត្រីស្ថានកុងស៊ុលរបស់ខ្លួនប្រចាំចិន នឹងមិនត្រូវបានអនុញ្ញាតឱ្យចូលរួម ក្នុងសវនាការខាងលើនោះទេ បើទោះជាខ្លួនបានដាក់សំណើ ដើម្បីស្នើសុំចូលរួមជាច្រើនលើកក៏ដោយ។

គួរបញ្ជាក់ថា លោក Michael Spavor និងលោក Michael Kovrig ត្រូវបានអាជ្ញាធរចិនចាប់ឃុំខ្លួនកាលពីខែធ្នូ ឆ្នាំ២០១៨ ពីបទចារកម្ម នៅក្រោមច្បាប់សន្តិសុខជាតិចិន។ ការចាប់ខ្លួនអ្នកទាំង ២ កើតមានឡើង តែប៉ុន្មានថ្ងៃប៉ុណ្ណោះបន្ទាប់ពីអាជ្ញាធរកាណាដា បានឃាត់ខ្លួននាយកប្រតិបត្តិផ្នែកហិរញ្ញវត្ថុនៃក្រុមហ៊ុន Huawei លោកស្រី Meng Wanzhou តាមសំណើរបស់សហរដ្ឋអាមេរិកពីបទចោទប្រកាន់ ពាក់ព័ន្ធនឹងការក្លែងបន្លំ ជុំវិញកិច្ចព្រមព្រៀងជាមួយអ៉ីរ៉ង់។ ទាំងរដ្ឋាភិបាលទីក្រុងប៉េកាំង និងក្រុមហ៊ុន Huawei ផ្ទាល់ សុទ្ធតែបានច្រានចោលការចោទប្រកាន់នេះ ហើយវាក៏បានធ្វើទំនាក់ទំនងរវាងចិន និងកាណាដាល្អក់កករនឹងគ្នា មកទល់នឹងបច្ចុប្បន្នផងដែរ៕