(អាឡាស្កា)៖ នៅឯពិធីបើកកិច្ចប្រជុំកម្រិតខ្ពស់ជាមួយសមភាគីចិន ក្នុងទីក្រុង អានចូរ៉េច (Anchorage) នៃរដ្ឋអាឡាស្កា នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ (ពេលវេលានៅអាមេរិក) រដ្ឋមន្ត្រីការបរទេសអាមេរិកលោក អាន់តូនី ប្លីងគែន (Antony Blinken) បាននិយាយថា សកម្មភាពរបស់ចិនកំពុងគំរាមកំហែង ដល់ស្ថិរភាពសកលលោក។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA នៅព្រឹកថ្ងៃសុក្រ ទី១៩ ខែមីនា ឆ្នាំ២០២១។
នាឱកាសពិធីបើកកិច្ចប្រជុំជាមួយ សមាជិកការិយាល័យនយោបាយ នៃគណបក្សកុម្មុយនិស្ដចិន លោក យ៉ាង ជីឈី (Yang Jiechi) និងរដ្ឋមន្ត្រីការបរទេសចិន លោក វ៉ាង យី លោក Antony Blinken បានឱ្យដឹងទៀតថា ខាងភាគីសហរដ្ឋអាមេរិកនឹងបើកការពិភាក្សា ស្តីអំពីសកម្មភាពរបស់ចិន ក្នុងនោះរួមមានទាំងតំបន់ស៊ីនជាំង ជាទីដែលទីក្រុងវ៉ាស៊ីនតោន ចោទប្រកាន់ចិនថា បានប្រព្រឹត្តអំពើប្រល័យពូជសាសន៍ ប្រឆាំងជនជាតិដើមភាគតិចមូស្លីម អ៊ុយហ្គ័រ (Uyghur) ខណៈទីក្រុងប៉េកាំងបានបដិសេធការចោទប្រកាន់នេះ និងបានបង្ហាញភស្តុយ៉ាងច្រើន ទៅដល់អន្តរជាតិវិញរួចទៅហើយនោះ។
ប្រមុខការទូតអាមេរិករូបនេះបានបន្ថែមថា សំណុំរឿងទីក្រុងហុងកុង, តៃវ៉ាន់, ការវាយប្រហារព័ត៌មានវិទ្យាលើសហរដ្ឋអាមេរិក, ការគំរាមកំហែងផ្នែកសេដ្ឋកិច្ច ប្រឆាំងនឹងសម្ព័ន្ធមិត្ត ក៏នឹងត្រូវបានលើកឡើងនៅក្នុងកិច្ចប្រជុំ ជាមួយប្រមុខការទូតចិនទាំង២ផងដែរ។
ជាការឆ្លើយតប លោក Yang Jiechi បានលើកឡើងថា ចិនប្រឆាំងជាដាច់ខាត ចំពោះការលូកលាន់កិច្ចការផ្ទៃក្នុងរបស់ចិន ហើយបានអំពាវនាវឱ្យសហរដ្ឋអាមេរិក បញ្ឈប់ជាបន្ទាន់នូវចិត្តសាស្ត្រសង្រ្គាមត្រជាក់។ សហរដ្ឋអាមេរិកតែងតែប្រើប្រាស់ កម្លាំងយោធា និងហិរញ្ញវត្ថុ ដើម្បីគំរាមកំហែង និងដាក់សម្ពាធលើបណ្ដាប្រទេសដទៃ»។ នេះជាការបញ្ជាក់បន្ថែមរបស់លោក Yang Jiechi។
គួរបញ្ជាក់ថា កិច្ចប្រជុំកម្រិតខ្ពស់រវាងសហរដ្ឋអាមេរិក និងប្រទេសចិន ក្នុងទីក្រុង Anchorage នៃរដ្ឋអាឡាស្កា នឹងប្រព្រឹត្តទៅរយៈពេល ០២ថ្ងៃចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី១៩ ខែមីនានេះ ហើយនេះគឺជាកិច្ចប្រជុំលើកដំបូងបំផុត ចាប់តាំងពីលោក ចូ បៃដិន ឡើងកាន់តំណែងជាប្រធានាធិបតីអាមេរិក កាលពីខែមករា។ កិច្ចប្រជុំនេះមានការចូលរួមពីសំណាក់ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken, ទីប្រឹក្សាសន្តិសុខជាតិរបស់លោក ចូ បៃដិន លោក ចេក ស៊ុលលីវែន (Jake Sullivan) ជាមួយសមាជិកការិយាល័យនយោបាយ នៃគណបក្សកុម្មុយនិស្ដចិន លោក Yang Jiechi និងរដ្ឋមន្ត្រីការបរទេសចិន លោក វ៉ាង យី៕