(ម៊ូស្គូ)៖ ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin នៅថ្ងៃព្រហស្បតិ៍នេះបានប្រតិកម្មឆ្លើយតបទៅនឹង ការលើកឡើងរបស់ប្រធានាធិបតីអាមេរិកលោក Joe Biden ដែលថាលោកជា «ឃាតករ» នោះ គឺគ្រាន់តែជាទង្វើចោរស្រែកចាប់ចោរ ឬជាយកកំហុសខ្លួនឯងទៅទម្លាក់ឲ្យអ្នកដទៃតែប៉ុណ្ណោះ។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី១៨ ខែមីនា ឆ្នាំ២០២១។
នៅថ្ងៃដដែលនេះ វិមានក្រឹមឡាំងក៏បានប្រតិកម្មយ៉ាងខឹងសម្បាចំពោះការលើកឡើងនេះផងដែរ ដោយហៅការអត្ថាធិប្បាយនេះថា ជាកាយវិការដ៏អាក្រក់បំផុតសម្រាប់ទំនាក់ទំនងនៃប្រទេសទាំងពីរ។
គួរបញ្ជាក់ថា នៅក្នុងបទសម្ភាសន៍ជាមួយទូរទស្សន៍ ABC ដែលបានចាក់ផ្សាយកាលពីថ្ងៃពុធសប្តាហ៍នេះ លោក Biden បាននិយាយថា លោក Putin នឹងត្រូវបង់ថ្លៃសម្រាប់កិច្ចខិតខំប្រឹងប្រែងរបស់លោក ដើម្បីធ្វើឲ្យអន្តរាយដល់ការបោះឆ្នោតនៅសហរដ្ឋអាមេរិកឆ្នាំ២០២០ បន្ទាប់ពីស៊ើបការណ៍សម្ងាត់អាមេរិក បានរកឃើញថារដ្ឋាភិបាលរុស្ស៊ីបានជ្រៀតជ្រែកក្នុងការបោះឆ្នោតឆ្នាំ២០២០ ដោយមានគោលបំណង «បរិហារកេរ្តិ៍» បេក្ខភាពលោក Biden។
នៅពេលលោក George Stephanopoulos ដែលជាអ្នកសម្ភាសន៍បានសួរលោកប្រធានាធិបតី Biden ថា តើលោកគិតថាលោក Putin គឺជា «ឃាតករ» ។ លោកឆ្លើយថា «ខ្ញុំគិតថាអញ្ចឹង» ។
ឆ្លើយតបនឹងការអត្ថាធិប្បាយនេះ អ្នកនាំពាក្យវិមានក្រឹមឡាំងលោក Dmitry Peskov បានប្រាប់អ្នកយកព័ត៌មាននៅថ្ងៃព្រហស្បតិ៍ថា «មិនធ្លាប់មានរឿងបែបនេះកើតឡើងនៅក្នុងប្រវត្តិសាស្ត្រ(ទំនាក់ទំនងអាមេរិក-រុស្ស៊ី)ទេ»។ អ្នកនាំពាក្យរូបនេះបានសង្កត់ធ្ងន់ថា «វាច្បាស់ណាស់ថាលោក Biden ពិតជាមិនចង់ធ្វើឲ្យប្រសើរឡើងនូវទំនាក់ទំនងជាមួយរុស្ស៊ីទេ ហើយទំនាក់ទំនងរវាងប្រទេសទាំងពីរគឺអាក្រក់ណាស់...ហើយយើងនឹងបន្តដំណើរការពីរឿងនេះ» ។
សូមជម្រាបថា ភ្លាមៗបន្ទាប់មានការអត្ថាធិប្បាយពីសំណាក់ប្រធានាធិបតីអាមេរិកខាងលើ រុស្ស៊ីបានកោះហៅឯកអគ្គរដ្ឋទូតរបស់ខ្លួនប្រចាំទីក្រុងវ៉ាស៊ីនតោនត្រឡប់មកផ្ទះវិញ ដើម្បីពិភាក្សាពីទំនាក់ទំនងរុស្ស៊ី-អាមេរិកឡើងវិញ៕