(រ៉ង់ហ្គូន)៖ លោកស្រី អោង សាន ស៊ូ ជី កំពុងបន្តរងបទចោទប្រកាន់ថ្មីៗទៀត ពីយោធាមីយ៉ាន់ម៉ា ខណៈមេធាវីលោកស្រីបាននិយាយថា ការចោទប្រកាន់ទាំងនោះសុទ្ធតែគ្មានមូលដ្ឋានច្បាស់លាស់ ដោយស្ថិតក្នុងគោលដៅធ្វើឲ្យលោកស្រី គ្មានថ្ងៃអាចវិលទៅធ្វើនយោបាយវិញបាន។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន AFP នៅល្ងាចថ្ងៃព្រហស្បតិ៍ ទី១៨ ខែមីនា ឆ្នាំ២០២១។
យោធាមីយ៉ាន់ម៉ាបានចោទប្រកាន់លោកស្រី ស៊ូ ជី ច្រើនបទល្មើសរួចមកហើយ ចាប់តាំងតែពីលោកស្រី និងមន្រ្តីកំពូលៗមួយចំនួនរបស់លោកស្រី ត្រូវបានចាប់ឃុំខ្លួន ក្នុងរដ្ឋប្រហារកាលពីថ្ងៃទី០១ ខែកុម្ភៈ។ បទចោទប្រកាន់ទាំងនោះ រួមមានទាំងការកាន់កាប់ ឧបករណ៍វិទ្យុទាក់ទង (អាយកូម) ដោយគ្មានច្បាប់អនុញ្ញាត និងបំពានវិធានការកូវីដ-១៩ ព្រមទាំងការស៊ីសំណូកជាដើម។
កាលពីយប់ថ្ងៃពុធសប្តាហ៍នេះ ប្រព័ន្ធផ្សព្វផ្សាយយោធាមីយ៉ាន់ម៉ា បានផ្សាយវីដេអូមួយបង្ហាញពី អ្នកជំនួញមីយ៉ាន់ម៉ាម្នាក់ឆ្លើយសារភាពថា ធ្លាប់បានសូកប៉ាន់លោកស្រី ស៊ូ ជី ជាទឹកប្រាក់សរុប ៥៥ម៉ឺនដុល្លារ ហើយអាជ្ញាធរកំពុងតែត្រៀម ចោទប្រកាន់លោកស្រីបន្ថែមទៀត យោងទៅតាមច្បាប់ប្រឆាំងអំពើពុករលួយ។ កន្លងទៅយោធាមីយ៉ាន់ម៉ា ក៏បានចោទប្រកាន់លោកស្រីពីបទពុករលួយ ប៉ុន្មានករណីផ្សេងទៀតផងដែរ គឺការទទួលយកលុយប្រមាណ ៦០ម៉ឺនដុល្លារ និងមាសជាង ១០គីឡូក្រាម។
គួរបញ្ជាក់ថា ពាក់ព័ន្ធការចោទប្រកាន់ទាំងអស់នេះមកលើលោកស្រី ស៊ូ ជី មេធាវីលោកស្រី គឺលោក ឃីន ម៉ងហ្សរ (Khin Maung Zaw) នៅថ្ងៃព្រហស្បតិ៍នេះ បានថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មានថា ការចោទប្រកាន់ទាំងឡាយសុទ្ធតែត្រូវបានធ្វើឡើង ដោយពុំមានមូលដ្ឋានច្បាស់លាស់ទាំងអស់ តែអាចមានលទ្ធភាពធ្វើឲ្យខូចឈ្មោះលោកស្រី ហើយមិនអាចឲ្យលោកស្រី ចូលរួមធ្វើសកម្មភាពនយោបាយតទៅទៀតបាន៕