(តូក្យូ)៖ ក្រុមអ្នកជំនាញផ្នែកជំងឺឆ្លងជប៉ុន នៅថ្ងៃព្រហស្បតិ៍នេះបានអនុម័តលើសេចក្តីសម្រេចចិត្តដកទីក្រុងតូក្យូ និងខេត្តជុំវិញចេញពីការដាក់ក្នុងគ្រាអាសន្ន ទៅតាមការ គ្រោងទុកនៅថ្ងៃអាទិត្យចុងសប្ដាហ៍នេះ ព្រោះតែស្ថានភាពឆ្លងរីករាលដាលនៃជំងឺ COVID-19 នៅក្នុងប្រទេសមានសភាពធូរស្បើយឡើងវិញ។ នេះបើយោងតាម ការចេញផ្សាយដោយសារព័ត៌មានចិនស៉ីនហួរ នៅថ្ងៃព្រហស្បតិ៍ ទី១៨ ខែមីនា ឆ្នាំ២០២១។
ការអនុម័តរបស់ក្រុមអ្នកជំនាញ បានត្រួសត្រាយផ្លូវសម្រាប់នាយករដ្ឋមន្រ្តីជប៉ុន លោក ស៊ូហ្គា យ៉ូស៉ីហ៉ីដេ (Suga Yoshihide) នៅក្នុងការធ្វើសេចក្តីប្រកាសជាផ្លូវការមួយ ស្តីពីការដកទីក្រុងតូក្យូ និងខេត្តជុំវិញនោះចំនួន៣ ចេញពីគ្រាអាសន្ន ដែលជាការដកចេញចុងក្រោយបង្អស់នៅក្នុងប្រទេសនេះ ដោយមុននេះបន្ដិចលោកបានជូនដំណឹង ដល់សភាអំពីការសម្រេចចិត្តនេះ ហើយគេរំពឹងថានឹងពន្យល់វាដល់សាធារណជននៅក្នុងសន្និសីទកាសែតមួយនៅពេលល្ងាច។
រដ្ឋមន្រ្តីសេដ្ឋកិច្ចជប៉ុន លោក យ៉ាស៊ូតូសិ នីស៉ីមូរ៉ា (Yasutoshi Nishimura) បានគូសបញ្ជាក់ដូច្នេះថា៖ «ក្រុមអ្នកជំនាញផ្នែកជំងឺឆ្លងជប៉ុនបានអនុម័តលើ សេចក្តីសម្រេចនេះហើយ ប៉ុន្តែរដ្ឋាភិបាលជប៉ុននឹងនៅតែប្រុងប្រយ័ត្នចំពោះការលេចចេញជាថ្មីនៃការឆ្លងជំងឺ COVID-19 នេះនៅក្នុងប្រទេស បើទោះបីជា ស្ថានភាពឆ្លងរីករាលដាលនៃជំងឺនេះ ត្រូវបានគេប្រកាសថា មានសភាពធូរស្បើយឡើងវិញហើយក៏ដោយ»។
គួរបញ្ជាក់ថា ស្ថិតក្រោមស្ថានភាពគ្រាអាសន្នដែលនឹងត្រូវដកចេញនាពេលឆាប់ៗនេះ ភោជនីយដ្ឋាន និងបារនីយដ្ឋាន ត្រូវតែបិទទ្វារនៅត្រឹមម៉ោង ៨៖០០នាទីយប់ ហើយប្រជាជននឹងត្រូវជំរុញឲ្យចៀសវាងដើរហើរចេញទៅក្រៅដោយគ្មានការចាំបាច់ ជាពិសេសនៅពេលល្ងាច។ ចំណែកឯ អាជីវកម្មនឹងត្រូវស្នើឲ្យលើកកម្ពស់ ការធ្វើការងារពីចម្ងាយ ខណៈការចូលរួមក្នុងព្រឹត្តិការណ៍ទ្រង់ទ្រាយធំ នឹងត្រូវកំណត់ឲ្យចូលរួមត្រឹមតែ ៥,០០០នាក់ប៉ុណ្ណោះ៕