(បាងកក)៖ សភាថៃបានទទួលបរាជ័យក្នុងការអនុម័ត សេចក្ដីព្រាងច្បាប់ថ្មីមួយដែលនឹងអនុញ្ញាតឱ្យមាន ការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញបច្ចុប្បន្នគាំទ្រដោយយោធា ដែលត្រូវបានតាក់តែងឡើង ក្រោយរដ្ឋប្រហារទម្លាក់រដ្ឋាភិបាលលោកស្រី យីងឡាក់ ស៊ីណាវ៉ាត់ កាលពីឆ្នាំ២០១៤នោះ។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មាន Reuters នៅល្ងាចថ្ងៃព្រហស្បតិ៍ ទី១៨ ខែមីនា ឆ្នាំ២០២១។
ការស្នើឱ្យធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញកន្លងមកនេះ គឺជាសំណើដ៏សំខាន់មួយរបស់ក្រុមបាតុករ ដែលនាំគ្នាធ្វើបាតុកម្មតវ៉ាកាលពីឆ្នាំ២០២០ មកម្ល៉េះ។ ប៉ុន្តែសេចក្ដីព្រាងច្បាប់ ដែលក្នុងនោះរួមបញ្ចូលទាំងផែនការបង្កើត គណៈកម្មាធិការតាក់តែងរដ្ឋធម្មនុញ្ញ «មិនបានទទួលសំឡេង បោះឆ្នោតគាំទ្រឲ្យអនុម័តឡើយ» នៅក្នុងសម័យប្រជុំរួមនៃសភាជាន់ទាប កាលពីថ្ងៃពុធសប្ដាហ៍នេះ និងព្រឹទ្ធសភាគ្រប់គ្រងដោយក្រុមសមាជិកសភា ភាគច្រើនដែលស្និទ្ធនឹងយោធា។
សម្រាប់សេចក្តីព្រាងខាងលើនេះ ប្រសិនបើទទួលបានការអនុម័តពីសភានោះ វាក៏នឹងបើកផ្លូវឲ្យមានការជជែកដេញដោល ដោយក្រុមសមាជិកសភា ទៅលើតួនាទីរបស់អង្គព្រះមហាក្សត្រថៃ ដែលក្រុមនិស្សិតថៃនៅក្នុងការតវ៉ា ជាច្រើនខែមកនេះបានសម្តែងការមិនពេញថា ទ្រង់មានអំណាចជ្រុលហួសហេតុពេក។
គួរបញ្ជាក់ថា រដ្ឋាភិបាលថៃធ្លាប់បានយល់ព្រមពិចារណា លើការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ បន្ទាប់ពីក្រុមបាតុករដឹកនាំដោយក្រុមនិស្សិត បានធ្វើបាតុកម្មតវ៉ាទ្រង់ទ្រាយធំជាបន្តបន្ទាប់ ដើម្បីស្នើឱ្យមានការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ កាលពីឆ្នាំ២០១៧ ដែលពួកគេតែងចោទជានិច្ចថា ត្រូវបានបង្កើតឡើងដើម្បីរក្សាអំណាចរបស់លោក ប្រាយុទ្ធ ចាន់អូចា និងពង្រឹងតួនាទីរបស់យោធានៅក្នុងនយោបាយថៃប៉ុណ្ណោះ៕