(រ៉ង់ហ្គូន)៖ ប្រទេសមីយ៉ាន់ម៉ាបាននិងកំពុងប្រឈមមុខ ភាពឯកោពីពិភពលោកសាជាថ្មី ជាមួយនឹងការរឹតត្បិតកាន់តែខ្លាំងឡើងៗ ទៅលើសេវាអ៉ិនធើណិត និងការបញ្ជាឲ្យសារព័ត៌មានឯកជនជាច្រើន បញ្ឈប់ការចុះផ្សាយអត្ថបទព័ត៌មានរបស់ពួកគេ ខណៈយោធាមីយ៉ាន់ម៉ា កំពុងកសាងសំណុំរឿងរបស់ខ្លួន ប្រឆាំងនឹងមេដឹកនាំជាប់ឆ្នោត ដែលត្រូវបានបណ្តេញចេញពីតំណែងគឺលោកស្រី អោង សាន ស៊ូ ជី (Aung San Suu Kyi)។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន Bangkok Post នៅល្ងាចថ្ងៃព្រហស្បតិ៍ ទី១៨ ខែមីនា ឆ្នាំ២០២១។
បាតុកម្មតវ៉ាទ្រង់ទ្រាយធំ នៅតែបន្តធ្វើឡើងពាសពេញប្រទេស ខណៈកងកម្លាំងសន្តិសុខបានព្យាយាមបង្ក្រាប ដោយប្រើវិធីសាស្ត្រហិង្សាកាន់តែខ្លាំងឡើងៗ ចាប់តាំងពីរដ្ឋាភិបាលស៊ីលរបស់លោកស្រី ស៊ូ ជី ត្រូវបានផ្តួលរំលំ និងលោកស្រីព្រមទាំងថ្នាក់ដឹកនាំឯទៀត ត្រូវបានចាប់ឃុំខ្លួន នៅក្នុងរដ្ឋប្រហារយោធាកាលពីថ្ងៃទី០១ ខែកុម្ភៈមកម្ល៉េះ។ ជុំវិញបញ្ហានេះ សមាគមជំនួយសម្រាប់ក្រុមសកម្មជនអ្នកទោសនយោបាយ បានគូសបញ្ជាក់ថា ចំនួនសរុបនៃមនុស្សដែលត្រូវបានសម្លាប់ នៅក្នុងភាពចលាចលនេះមានចំនួន ២១៧នាក់ ប៉ុន្តែចំនួនពិតប្រាកដប្រហែលជាខ្ពស់ជាងនេះ។
អាជ្ញាធរមីយ៉ាន់ម៉ានៅថ្ងៃព្រហស្បតិ៍នេះ បានធ្វើការរឹតត្បឹតកាន់តែខ្លាំងឡើង ទៅលើសេវាអ៉ីនធើណិត ដែលក្រុមអ្នកតវ៉ាបានរៀបចំឡើង ដោយការលួចតភ្ចាប់ខ្សែបណ្ដាញ ដើម្បីចូលទៅប្រើប្រាស់សេវា Wifi នៅតាមទីសាធារណៈ។ ប្រជាជននៅតាមទីប្រជុំជនមួយចំនួន រួមទាំងទីក្រុងដាវៃ (Dawei) ភាគខាងត្បូងប្រទេសបានរាយការណ៍ថា មិនមានអ៉ីនធើណិតប្រើប្រាស់នោះទេ ដោយបានឃើញទីភ្នាក់ងារព័ត៌មាន តាជីឡេក (Tachilek) ជាសារព័ត៌មានឯកជនមួយនៅភាគឦសាន បានចុះផ្សាយពីរូបភាពរបស់កម្មករកំពុងកាត់ខ្សែបណ្ដាញ ដែលខ្លួនបានតភ្ជាប់ជាមួយប្រទេសថៃ នៅជិតខាងនោះចោល។
គួរបញ្ជាក់ថា បណ្តាប្រទេសលោកខាងលិចជាច្រើន បានថ្កោលទោសយ៉ាងខ្លាំង ចំពោះរដ្ឋប្រហារមួយនេះ និងបានអំពាវនាវឲ្យបញ្ឈប់ ការប្រើប្រាស់សកម្មភាពបង្ក្រាបដោយហិង្សា ព្រមទាំងបានទាមទាឲ្យមានការដោះលែង លោកស្រី Suu Kyi និងមន្រ្តីជាន់ខ្ពស់ជាច្រើនរូបទៀត នៃអតីតរដ្ឋបាលរបស់លោកស្រី។ បណ្តាប្រទេសអាស៊ានក៏បានស្នើសុំ ចូលរួមជួយរកដំណោះស្រាយ ចំពោះវិបត្តិនៅមីយ៉ាន់ម៉ាផងដែរ ប៉ុន្តែគ្មានអ្វីដែលត្រូវបានធ្វើឡើងនៅឡើយទេ៕