(ប៉ារីស)៖ រដ្ឋាភិបាលជាច្រើនក្នុងតំបន់អឺរ៉ុប នៅក្នុងសប្ដាហ៍នេះបានសម្រេចចិត្តដាក់ចេញវិធានការរឹតត្បិតនានាឡើងវិញ ប្រឈមមុខនឹងរលកទី៣នៃ COVID-19 ដែល កំពុងរាតត្បាតកាន់តែខ្លាំង ខណៈការចាក់វ៉ាក់សាំងទូទាំងតំបន់នៅតែមានភាពយឺតយ៉ាវនៅឡើយ។ ប្រទេសអឺរ៉ុបដូចជា សាធារណរដ្ឋឆែក, ហុងគ្រី, អេស្ដូនី, អ៉ីតាលី, ប៉ូឡូញ ស៊ុយអែត, បារាំង និងអាល្លឺម៉ង់ជាដើមសុទ្ធតែបានពើបប្រទះការកើនឡើងនៃករណីឆ្លង COVID-19 ប្រចាំថ្ងៃនៅរយៈពេលប៉ុន្មានសប្ដាហ៍ចុងក្រោយនេះ។

បើតាមគេហទំព័រ worldometers ពេញមួយថ្ងៃពុធម្សិលមិញ អឺរ៉ុបទាំងមូលមានអ្នកឆ្លង COVID-19 ដល់ទៅ២០៦,៤៨៦នាក់ឯណោះ។ ម្យ៉ាងវិញទៀត ស្របពេលយុទ្ធនាការ ចាក់វ៉ាក់សាំងនៅក្នុងចក្រភពអង់គ្លេស និងសហរដ្ឋអាមេរិកត្រូវបានរំពឹងថានឹងជួយឱ្យពួកគេបើកប្រទេស ក៏ដូចជាជួសជុលសេដ្ឋកិច្ចឡើងនៅក្នុងឆ្នាំ២០២១នេះ អឺរ៉ុបបែរជា កំពុងប្រឈមមុខនឹងការអនុវត្តវិធានការហាមមិនឱ្យចេញពីផ្ទះ ឬ Lockdown, បិទសាលារៀន, ហាងកាហ្វេ, ភោជនីយដ្ឋាន, ក្លឹបហាត់ប្រាណ ព្រមទាំងការរឹតត្បិតលើ សកម្មភាពអាជីវកម្មមួយចំនួនជាច្រើនសប្ដាហ៍ ឬក៏អាចរាប់ខែបន្ថែមទៀតទៅវិញ។

*អ្វីទៅនៅពីក្រោយការផ្ទុះឡើងនៃរលកទី៣ COVID-19?

លោក ម៉ាទីន ម៉ាកគី (Martin McKee) ជាសាស្ត្រាចារ្យម្នាក់ផ្នែកសុខាភិបាលសាធារណអឺរ៉ុប នៃសាកលវិទ្យាល័យ London School of Hygiene and Tropical Medicine បាននិយាយថាការកើនឡើងជាថ្មីនៃករណីឆ្លង COVID-19 នៅក្នុងតំបន់អឺរ៉ុបមានជាប់ពាក់ព័ន្ធនឹងវីរុសកូរ៉ូណាបំប្លែងខ្លួនថ្មីដែលត្រូវបានគេរកឃើញដំបូង ក្នុងចក្រភពអង់គ្លស។ វីរុសកូរ៉ូណាបំប្លែងខ្លួនថ្មីដែលមានលេខកូដសម្គាល់ B.1.1.7 ត្រូវបានគេជឿជាក់មានសមត្ថភាពចម្លងច្រើនជាង៥០ភាគរយ បើធៀបទៅនឹងវីរុសដើម របស់វា SARS-CoV-2។

របាយការណ៍ចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន Reuters កាលពីខែមករា បានឱ្យដឹងថាអ្នកជំងឺនៅក្នុងចក្រភពអង់គ្លេសចន្លោះពី៤៥ ដល់៦០ភាគរយបានឆ្លងវីរុសកូរ៉ូណា បំប្លែងខ្លួនថ្មី B.1.1.7 ហើយនៅក្នុងខែកុម្ភៈកន្លងទៅ អ្នកជំងឺចន្លោះពី៦០ភាគរយ ដល់៨០ភាគរយបានឆ្លងវីរុសបំប្លែងខ្លួនថ្មីនេះនៅផ្នែកខ្លះនៃចក្រភពអង់គ្លេស។ បើតាម លោក ម៉ាទីន ម៉ាកគី វិធានការ Lockdown ដែលបណ្ដាប្រទេសអឺរ៉ុបដាក់ចេញដើម្បីទប់ស្កាត់វីរុសកូរ៉ូណាដើម SARS-CoV-2 វាមិនមានប្រសិទ្ធភាពគ្រប់គ្រាន់
ក្នុងការ ទប់ស្កាត់វីរុសបំប្លែងខ្លួនថ្មីនោះទេ។

អ្នកជំនាញរូបនេះយល់ថាបណ្ដាប្រទេសអឺរ៉ុបគួរតែពិចារណាឡើងវិញចំពោះវិធានការ និងយុទ្ធសាស្ត្ររបស់ខ្លួនតាំងតែពីដើមខែធ្នូ ឆ្នាំ២០២០ ជាពេលដែល B.1.1.7 ត្រូវបាន រកឃើញនៅក្នុងចក្រភពអង់គ្លេសតាំងតែពីដំបូងមកម្លេះ។ ពួកគេចាំបាច់ត្រូវតែរឹតបន្តឹងវិធានការរឹតត្បិត ដើម្បីគ្រប់គ្រងវីរុសបំប្លែងខ្លួនថ្មីនេះ តែផ្ទុយទៅវិញប្រទេសអឺរ៉ុប ជាច្រើនបែរជាចាប់ផ្ដើមបន្ធូរដៃទៅវិញ។ ជាឧទាហរណ៍ សាធារណរដ្ឋឆែកកាលពីថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២០ បានសម្រេចចិត្តបើកហាងទំនិញ, ភោជនីយដ្ឋានឡើងវិញ និងលុបចោលនូវបម្រាមគោចរនៅពេលយប់ (ចាប់ពីម៉ោង១១យប់ ដល់ម៉ោង៥ព្រឹក)។ នៅថ្ងៃទី០៣ ខែធ្នូដដែល ចំនួនអ្នកឆ្លងប្រចាំថ្ងៃមាន៣៥នាក់ ក្នុងចំណោមមនុស្ស មួយសែននាក់ តែក្រោយការសម្រេចចិត្តនេះចំនួនអ្នកឆ្លងប្រចាំថ្ងៃបានកើនដល់១០០នាក់ ក្នុងចំណោមមនុស្សមួយសែននាក់ នៅថ្ងៃទី០៣ ខែមករា។

ករណីឆ្លងបែបនេះក៏បានកើតឡើងដូចគ្នាដែរក្នុងប្រទេសអ៉ីតាលី អាល្លឺម៉ង់ និងបារាំង ដោយបង្ខំឱ្យរដ្ឋាភិបាលនៃប្រទេសទាំងនេះដាក់ចេញវិធានការរឹតត្បិតឡើងវិញ។ ប៉ុន្តែ ក្រុមអ្នកជំនាញសុខាភិបាលដូចជាលោក រ៉ាសទីសឡាវ ម៉ាដា (Rastislav Madar) ជាប្រធានវិទ្យាស្ថានជំងឺឆ្លង និងសុខាភិបាលសាធារណៈនៃសាកលវិទ្យាល័យអូស្រ្តាវ៉ា (Ostrava) យល់ថាវាហាក់ដូចជាយឺតពេលបន្តិចទៅហើយ ដ្បិតវាអាចនឹងធ្វើឱ្យប្រជាជនបាត់បង់ទំនុកចិត្ត។ «បើសិនជាយើងគ្រាន់តែលុបចោលវិធានការរឹតត្បិត ហើយ អនុវត្តវាឡើងវិញ នោះប្រជាជននឹងបាត់បង់ទំនុកចិត្តទាំងស្រុងចំពោះអាជ្ញាធរ ហើយអាចនឹងលែងខ្វាយខ្វល់ពីច្បាប់ ឬវិធានការនានាទៀតផង»។ នេះជាការគូសបញ្ជាក់ របស់លោក ម៉ាដា។

*ភាពយឺតយ៉ាវក្នុងការចាក់វ៉ាក់សាំង

គិតត្រឹមថ្ងៃទី១០ ខែមីនាកន្លងទៅនេះ សហរដ្ឋអាមេរិកបានចាក់វ៉ាក់សាំងដូសដំបូងជូនប្រជាជនរបស់ខ្លួនបាន ១៨.៩ភាគរយ និងដូសទី២បាន៩.៩ភាគរយ។ នៅឯចក្រភព អង់គ្លេស ប្រជាជនដល់ ៣៤ភាគរយបានចាក់វ៉ាក់សាំងដូសដំបូង និង ១.៩ភាគរយបានចាក់ដូសទី២។ តែគិតត្រឹមរយៈពេលដូចគ្នានេះ សហភាពអឺរ៉ុបបានចាក់វ៉ាក់សាំងដូស ដំបូងជូនប្រជាជនរបស់ខ្លួនត្រឹមតែ ៧ភាគរយប៉ុណ្ណោះ និង៣.០៩ភាគរយបានចាក់ដូសទី២។

ការយឺតយ៉ាវក្នុងការចាក់វ៉ាក់សាំងនេះត្រូវបានគេសន្មត់ថាអាចមកពីហេតុផលមួយចំនួនដូចជាការយឺតយ៉ាវក្នុងការអនុម័តដែលធ្វើឱ្យខ្វះខាតវ៉ាក់សាំង និងពាក់ព័ន្ធនឹង គោលនយោបាយលើកទឹកចិត្តចាក់វ៉ាក់សាំង។ ប្រជាជនអឺរ៉ុបភាគច្រើនជាពិសេសគឺប្រជាជនបារាំងតែម្ដងនៅតែមានការសង្ស័យចំពោះវ៉ាក់សាំង។ បើតាមការស្ទង់មតិ ចេញផ្សាយដោយសារព័ត៌មាន Euronews កាលពីពេលថ្មីៗនេះ ប្រជាជនបារាំងនៅតែមានការសង្ស័យលើវ៉ាក់សាំងនៅឡើយ។ ប្រជាជនបារាំងដែលត្រូវបានសម្ភាសន៍ មាន៤២ភាគរយនិយាយថាពួកគេនឹងមិនចាក់វ៉ាក់សាំង និង២១ភាគរយមិនទាន់ប្រាកដថាតើគួរចាក់ ឬមិនចាក់ ហើយមានតែ៣៧ភាគរយប៉ុណ្ណោះអះអាងថាពួកគេនឹងចាក់ វ៉ាក់សាំង។

គួរបញ្ជាក់ថា អង្គការសុខភាពពិភពលោក WHO ធ្លាប់បានព្រមានថាការឆ្លងរាតត្បាត COVID-19 ទំនងជានឹងមិនរលាយបាត់ក្នុងឆ្នាំ២០២១នេះទេ ទោះបីជាមានវ៉ាក់សាំង ក៏ដោយ។ WHO ក៏បានក្រើនរំលឹកផងដែរកុំឱ្យប្រទេសដទៃនៅជុំវិញពិភពលោក បន្ធូរបន្ថយវិធានការរឹតត្បិតនានាលឿនរហ័សពេក៕

ប្រភព៖ TIME, Euronews (ថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២១)