(ប៉េកាំង)៖ កិច្ចសន្ទនាមួយលើករវាងអាមេរិកនិងជប៉ុន បែរជាធ្វើឱ្យប្រទេសចិនក្លាយជា «ប្រធានបទសំខាន់» តើភាគីទាំងពីរអាមេរិកនិងជប៉ុនមាន «គោលបំណង» យ៉ាងណា? នៅថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២១ រដ្ឋមន្ត្រីការបរទេស និងរដ្ឋមន្ត្រីក្រសួងការពារជាតិអាមេរិក-ជប៉ុន បានធ្វើកិច្ចសន្ទនា «ពីរបូកពីរ» នៅក្រុងតូក្យូ។
ការបង្ហាញអាកប្បកិរិយាពាក់ព័ន្ធប្រទេសចិនមួយចំនួន បានបង្ហាញឱ្យឃើញយ៉ាងច្បាស់ថា អាមេរិកមានគោលបំណងចង់អូសទាញសម័្ពន្ធមិត្ត ដើម្បីទប់ស្កាត់ប្រទេសចិន។ យើងអាចមើលឃើញយ៉ាងច្បាស់ថា អាមេរិកផ្តួចផ្តើមនិងញុះញង់ឱ្យ «ទប់ស្កាត់» ប្រទេសចិន ប៉ុន្តែគោលនយោបាយការទូតរបស់អាមេរិក គឺចង់ឱ្យសម័្ពន្ធមិត្ត «រួមចំណែក» សិន។
និយាយត្រង់ទៅ គឺអាមេរិកចង់ឱ្យសម្ព័ន្ធមិត្តបោះបង់ចោលផលប្រយោជន៍របស់ខ្លួន ហើយធ្វើជាអ្នកដើរនាំមុខក្នុងជួរប្រឆាំងប្រទេសចិន។ ប៉ុន្តែអ្នកចេះគិតពិចារណាសុទ្ធតែដឹងច្បាស់ថា ការញុះញង់និងឃោសនាបំប៉ោងរបស់អាមេរិក គឺដើម្បីគាំពារអនុត្តរភាពរបស់ខ្លួនតែប៉ុណ្ណោះ និងដើម្បីស្វែងរកផលប្រយោជន៍ផ្ទាល់ខ្លួនទាំងស្រុង។
ទាំងបញ្ហាសមុទ្រចិនខាងកើត សមុទ្រចិនខាងត្បូង ទាំងបញ្ហាកោះ Diaoyu និងច្រកសមុទ្រតៃវ៉ាន់ ក៏ដូចជាបញ្ហាតំបន់ស៊ីនជាំងនិងហុងកុង ក្នុងកិច្ចសន្ទនារវាងអាមេរិកនិងជប៉ុនលើកនេះ ប្រធានបទសុទ្ធតែពាក់ព័ន្ធដល់ប្រទេសចិន វាបានបង្ហាញយ៉ាងច្បាស់នូវ មហិច្ឆតារបស់អាមេរិកដែលចង់ទប់ស្កាត់ប្រទេសចិន។
អ្នកវិភាគបានសម្គាល់ឃើញថា ទង្វើរបស់អាមេរិកគឺសំដៅទៅលើ កិច្ចសន្ទនាមន្ត្រីជាន់ខ្ពស់រវាងចិននិងអាមេរិក។ រដ្ឋាភិបាលរបស់លោក បៃដិន រំពឹងទុកបង្ខំឱ្យប្រទេសចិនបន្ធូរបន្ថយ គោលជំហរលើវិស័យមួយចំនួន។ ប៉ុន្តែអ្វីដែលធ្វើឱ្យលោក បៃដិន «ខកចិត្តយ៉ាងខ្លាំង» គឺប្រទេសចិនមិនបន្ធូរបន្ថយគោលជំហរ ក្នុងបញ្ហាពាក់ព័ន្ធនឹងអធិបតេយ្យភាពជាដាច់ខាត។
ទាក់ទិននឹងរឿងនេះ អ្នកនាំពាក្យក្រសួងការបរទេសចិនបានថ្លែងថា «ការផ្លាស់ប្តូរនិងកិច្ចសហប្រតិបតិ្តការរវាងអាមេរិកនិងជប៉ុន គួរតែមានអំណោយផលដល់ ការបង្កើនការយល់ដឹងនិងទំនុកចិត្តលើគ្នាទៅវិញទៅមក រវាងប្រទេសក្នុងតំបន់ គួរតែមានអំណោយផលដល់ សាមគ្តីភាពនិងកិច្ចសហប្រតិបតិ្តការរវាងប្រទេសក្នុងតំបន់ ក៏ដូចជាសន្តិភាពនិងស្ថិរភាព នៃភូមិភាគអាស៊ីប៉ាស៊ីហ្វិក មិនត្រូវសំដៅទៅលើភាគីទីបី ឬមួយក៏ប៉ះពាល់ដល់ផលប្រយោជន៍របស់ភាគីទីបីនោះទេ»។
អ្នកនាំពាក្យរូបនេះបានថ្លែងទៀតថា បើមើលពីសភាពការណ៍ទូទៅ គួរតែគិតពិចារណាដល់សន្តិភាព ស្ថិរភាពនិងផលប្រយោជន៍ ដែលពាក់ព័ន្ធដល់សុខមាលភាពរបស់ប្រជាជន នៃបណ្តាប្រទេសអាស៊ីបូព៌ានានា។ ប៉ុន្តែវាច្បាស់ណាស់ថា កិច្ចសន្ទនារវាងអាមេរិក និងជប៉ុនលើកនេះ មិនសូវមានភាពសុទ្ធចិត្តនោះឡើយ។
នៅពីក្រោយ «អសុទ្ធចិត្ត» បែបនេះ គឺមុខមាត់លាក់ពុត។ ឧទាហរណ៍ដូចជា អ្នកនយោបាយអាមេរិកតែងនិយាយតែមាត់ថា ត្រូវការពារសិទ្ធិមនុស្ស តែបែរជាមិនអើពើចំពោះសិទ្ធិនិងផលប្រយោជន៍របស់ជនជាតិភាគតិចក្នុងស្រុកខ្លួន ដែលបានរងការរើសអើង ក្នុងការរីករាលដាលនៃជំងឺកូវីដ១៩ មើលមិនឃើញរឿងសោកវេទនា ដែលប្រជាពលរដ្ឋនៅរដ្ឋ Texas បាត់បង់ជីវិត ដោយសាររងានិងការអត់ឃ្លាន។
អ្នកនយោបាយអាមេរិក តែងតែយកបញ្ហាតំបន់ស៊ីនជាំងធ្វើជាលេស ដើម្បីវាយប្រហារចំពោះវិធានការរបស់ប្រទេសចិន សម្រាប់លុបបំបាត់សកម្មភាពជ្រុលនិយម និងប្រឆាំងភេរវកម្ម អ្នកនយោបាយអាមេរិកមិនគិតពិចារណាទាល់តែសោះ ពីសេចក្តីអំពាវនាវនិងក្តីរំពឹងរបស់ប្រជាជនស៊ីនជាំង ក្នុងការទប់ទល់នឹងការគំរាមកំហែងពីភេរវកម្មនិយម និងចង់បានជីវភាពរស់នៅជាប្រក្រតី ជាងនេះទៅទៀត អ្នកនយោបាយអាមេរិករហូតដល់ដាក់ចេញ វិធានការដាក់ទណ្ឌកម្ម បំផ្លិចបំផ្លាញផលប្រយោជន៍ផ្ទាល់ខ្លួន របស់ប្រជាជនមួយចំនួនធំនៅតំបន់ស៊ីនជាំង ក្នុងនោះក៏បូករួមទាំងកសិករដាំដំណាំកប្បាសផងដែរ ។ តើទង្វើទាំងនេះ គឺដើម្បីគាំពារសិទ្ធិមនុស្សទេ?
ក្រៅពីនេះ រឿងទាំងនេះកាន់តែបង្ហាញពីភាពលាក់ពុតរបស់អាមេរិក។ ក្នុងកិច្ចសន្ទនាលើកនេះ អាមេរិកបានលើកឡើងពី បញ្ហាសមុទ្រចិនខាងត្បូងម្តងទៀត ព្រមនិងបដិសេធចំពោះសិទ្ធិនិងគោលជំហររបស់ចិន។ តាមពិតទៅ អាមេរិកមិនអនុម័តលើ «អនុសញ្ញាច្បាប់មហាសមុទ្ររបស់អង្គការសហប្រជាជាតិ» ប៉ុន្តែបែរជាចាត់ទុកខ្លួនជាអង្គរក្សអនុសញ្ញា ហើយអួតអាងថាខ្លួនកាន់អាកប្បកិរិយាអព្យាក្រិតនិងសត្យានុម័តនេះ។ ម្យ៉ាងទៀត អាមេរិកបានប្រកាសដោយចំហថាគាំទ្រ គោលការណ៍ «មិនបង្កើនវត្តមានកម្លាំងយោធានិងសព្វាវុធ» នៅសមុទ្រចិនខាងត្បូង ប៉ុន្តែបែរជាឧស្សាហ៍ចាត់បញ្ជូននាវានិងយន្តហោះទៅកាន់ សមុទ្រចិនខាងត្បូងនិងកោះនៅជុំវិញ ក្នុងន័យបង្ហាញកម្លាំងយោធារបស់ខ្លួន ទង្វើបែបនេះ គឺមានន័យថា «ខ្ញុំអាចធ្វើបាន តែហាមមិនឱ្យអ្នកផ្សេងធ្វើទេ»។
ប្រការដែលគួរឱ្យចាប់អារម្មណ៍នោះ គឺខណៈពេលនេះ ជប៉ុនក៏មានការគិតគូររបស់ខ្លួនផងដែរ។ ទីមួយ ចង់ខិតខំប្រឹងប្រែងរក្សាតុល្យភាព ក្នុងទំនាក់ទំនងជាមួយអាមេរិកនិងចិន, ទីពីរចង់កំណត់គោលការណ៍ «ឱ្យកិច្ចការសេដ្ឋកិច្ចនិងនយោបាយចែកដាច់ពីគ្នា»។ ប្រការនេះមានន័យថា ទោះបីជាជប៉ុនបានរក្សាទំនាក់ទំនងផ្នែកសេដ្ឋកិច្ចជាមួយចិនក៏ដោយ ក៏ប៉ុន្តែលើវិស័យនយោបាយ ជប៉ុនប្រហែលនឹងមានទំនាក់ទំនងកាន់តែតានតឹងជាមួយប្រទេសចិន។ តើទង្វើបែបនេះមិនមែនជាទង្វើលាក់ពុតទេឬ?
កិច្ចសន្ទនាដែលមានភាព «លាក់ពុត» លើកនេះ ជាការសាកល្បងម្តងទៀតរបស់អ្នកនយោបាយអាមេរិក ដែលចង់បំផ្លិចបំផ្លាញការយោគយល់ ទំនុកចិត្តនិងកិច្ចសហប្រតិបតិ្តការនៅតំបន់អាស៊ីប៉ាស៊ីហ្វិក។ អ្នកចេះគិតពិចារណា សុទ្ធតែបានមើលឃើញយ៉ាងច្បាស់ណាស់ ចំពោះមុខមាត់លាក់ពុតរបស់អាមេរិកនិងជប៉ុន។ ប្រការដែលមិនអាចបដិសេធគឺ វិបុលភាពរបស់ប្រទេសចិនជាក្តីសង្ឃឹមរបស់ ប្រទេសអាស៊ីប៉ាស៊ីហ្វិកជាច្រើន ក្នុងការងើបសេដ្ឋកិច្ចឡើងវិញ ទោះបីជាអ្នកនយោបាយអាមេរិក បង្ករឿងម្តងហើយម្តងទៀតក៏ដោយ ក៏មិនអាចបដិសេធចំពោះការពិតជាក់ស្តែងនេះនោះទេ ហើយក៏មិនអាចបំភិតបំភ័យដល់ប្រទេសចិនផងដែរ៕