(បាងកក)៖ អាជ្ញាធរថៃនៅថ្ងៃព្រហស្បតិ៍នេះ បានប្រកាសពីការរកឃើញករណីឆ្លងថ្មីៗនៃជំងឺ COVID-19 ចំនួន៩២ករណី ហើយក៏មានអ្នកជំងឺម្នាក់ទៀត ទើបតែបានបាត់បង់ជីវិតផងដែរ។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន Bangkok Post នៅថ្ងៃព្រហស្បតិ៍ ទី១៨ ខែមីនា ឆ្នាំ២០២១។
អ្នកជំងឺ COVID-19 ដែលទើបតែស្លាប់នោះ គឺជាបុរសវ័យ៦៥ឆ្នាំម្នាក់ រស់នៅខេត្តសាមុត សាខន ដែលមានជំងឺមហារីកដំណាក់កាលធ្ងន់ធ្ងរប្រចាំកាយស្រាប់។ ដោយឡែក ក្នុងចំណោមករណីឆ្លងថ្មីៗវិញ មាន៧៨ករណី ជាករណីឆ្លងក្នុងស្រុកផ្ទាល់ និង១៤ករណីជាករណីនាំចូល ហើយកន្លែងរាយការណ៍ករណីច្រើនជាងគេ គឺខេត្តសាមុត សាខន ដែលមាន៤០ករណី និងរាជធានីបាងកក ដែលមាន២១ករណី។
គួរបញ្ជាក់ថា សុរបមកទល់ពេលនេះ ថៃបានរកឃើញករណីឆ្លងសរុបនៃ COVID-19 ចំនួន ២៧,៤៩៤នាក់ ក្នុងនោះមានអ្នកជាសះស្បើយ ២៦,៣៧៧នាក់ និង៨៩នាក់បានស្លាប់៕