(ហ្សឺណែវ)៖ នៅថ្ងៃព្រហស្បតិ៍នេះ អង្គការ UNCTAD របស់អង្គការសហប្រជាជាតិ បានចេញរបាយការណ៍ព្យាករណ៍ថា សេដ្ឋកិច្ចពិភពលោករំពឹងនឹងកើន ៤.៧ភាគរយក្នុងឆ្នាំ២០២១នេះ ដោយសារកំណើនដែលរឹងមាំហួសពីរការរំពឹងទុក នៅសហរដ្ឋអាមេរិក ដែលជាមហាអំណាចសេដ្ឋកិច្ចលេខមួយ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី១៨ ខែមីនា ឆ្នាំ២០២១។

អត្រានៃការព្យាករខាងលើ គឺត្រូវបានដំឡើងពីអត្រានៃការព្យាករ ក្នុងរបាយការណ៍កាលពីលើកមុនរបស់ UNCTAD ស្តីពីកំណើនសេដ្ឋកិច្ចពិភពលោក។ ក្នុងរបាយការណ៍លើកមុន ដែលចេញផ្សាយកាលពីខែកញ្ញា ឆ្នាំ២០២០ UNCTAD បានព្យាករថា សេដ្ឋកិច្ចពិភពលោកនឹងកើន ៤.៣ភាគរយនៅឆ្នាំ២០២១។

តាមការបញ្ជាក់របស់អង្គការ UNCTAD ក្នុងរបាយការណ៍ថ្មី ការដំឡើងអត្រាព្យាករណ៍នៃកំណើនសេដ្ឋកិច្ចពិភពលោកនេះ ដោយសារតែ គេសង្កេតឃើញថា ការចំណាយរបស់ប្រជាជននៅសហរដ្ឋអាមេរិក បានស្ទុះឡើងជាងការរំពឹងទុក នៅចំពោះមុខយុទ្ធនាការចាក់វ៉ាក់សាំងយ៉ាងសកម្ម ដើម្បីបង្ការជំងឺ COVID-19 បូករួមនឹងការអនុម័តកញ្ចប់ថវិកាសង្រ្គោះ ដែលមានទំហំយ៉ាងធំសម្បើម។

គួរបញ្ជាក់ថា កន្លងនៅក្នុងខែមីនានេះ អង្គការសេដ្ឋកិច្ចអន្តរជាតិ OECD ក៏បានដំឡើងអត្រាព្យាករណ៍របស់ខ្លួន ចំពោះកំណើនសេដ្ឋកិច្ចពិភពលោកសម្រាប់ឆ្នាំនេះផងដែរ គឺពី៤.២ភាគរយទៅ៥.៦ភាគរយ៕