(អាន់ចូរែក)៖ ឯកអគ្គរដ្ឋទូតចិនប្រចាំនៅសហរដ្ឋអាមេរិក លោក គុយ ធានខៃ (Cui Tiankai) នៅថ្ងៃពុធសប្ដាហ៍នេះ (ពេលវេលានៅសហរដ្ឋអាមេរិក) បានិយាយថា ប្រទេសចិននឹងមិនធ្វើសម្បទានលើផលប្រយោជន៍ស្នូល ក្នុងអំឡុងពេលនៃការសន្ទនាយុទ្ធសាស្ត្រកម្រិតខ្ពស់ រវាងអ្នកការទូតកំពូលចិន និងអាមេរិកនោះទេ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មានចិនស៉ីនហួរ នៅរសៀលថ្ងៃព្រហស្បតិ៍ ទី១៨ ខែមីនា ឆ្នាំ២០២១។

លោក Cui បានគូសបញ្ជាក់ប្រាប់អ្នកសារព័ត៌មានចិន នៅក្នុងសន្និសីទខ្លីមួយមុនការសន្ទនាខាងលើ ដែលគ្រោងនឹងធ្វើឡើងនៅថ្ងៃព្រហស្បតិ៍ និងថ្ងៃសុក្រសប្ដាហ៍នេះ នៅទីក្រុងអាន់ចូរែក (Anchorage) នៃរដ្ឋអាឡាស្កា (Alaska) សហរដ្ឋអាមេរិកថា «ខ្ញុំគិតថាតម្រូវការដែលសំខាន់បំផុតសម្រាប់ការសន្ទនា និងការប្រាស្រ័យទាក់ទងរវាងប្រទេសណាមួយ គឺថាភាគីទាំងពីរគួរតែមានស្មារតីទទួលខុសត្រូវ ដែលប្រកបដោយការធ្វើអ្វីមួយឱ្យស្មើភាពគ្នា និងការគោរពគ្នាទៅវិញទៅមក»

លោក Cui បានគូសបញ្ជាក់ប្រាប់បន្ថែមថា «គ្មានហេតុផលណាមួយឡើយដែលប្រទេសចិន ត្រូវធ្វើការសម្របសម្រួល ឬធ្វើសម្បទានលើផលប្រយោជន៍ស្នូលទាំងនេះ» រួមទាំងបញ្ហាដែលទាក់ទងនឹងអធិបតេយ្យភាព បូរណភាពទឹកដី និងឯកភាពជាតិរបស់ចិនឡើយ។ វាគឺជាជំហរដែលចិននឹងបញ្ជាក់ឱ្យច្បាស់ នៅក្នុងកិច្ចប្រជុំមួយនេះ។

អ្នកការទូតជើងចាស់រូបនេះបង្ហាញក្តីសង្ឃឹមថា ការសន្ទនានេះអាចបង្កើតជាដំណើរការដ៏រលូនមួយ នៃការនិយាយគ្នាដោយស្មោះត្រង់, ស្ថាបនា, ការសន្ទនាដែលសមហេតុផល និងការប្រាស្រ័យទាក់ទងរវាងភាគីទាំងពីរ។ «ប្រសិនបើយើងអាចធ្វើបាន ខ្ញុំគិតថាការសន្ទនានេះ នឹងទទួលបានជោគជ័យ។ ខ្ញុំក៏សង្ឃឹមថា ភាគីទាំងសងខាងមកទីនេះ ដោយភាពស្មោះត្រង់ ហើយចាកចេញដោយមាន ការយោគយល់គ្នាទៅវិញទៅមកដែរ»។ នេះបើតាមការលើករបស់លោក Cui Tiankai។

គួរបញ្ជាក់ថា លោក យ៉់ាង ជីឈី (Yang Jiechi) សមាជិកនៃការិយាល័យនយោបាយ របស់គណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិន និងលោក វ៉ាង ប្រធានក្រុមប្រឹក្សារដ្ឋ និងជារដ្ឋមន្ត្រីការបរទេសចិន នឹងត្រូវជួបពិភាក្សាជាមួយ រដ្ឋមន្ត្រីការបរទេសអាមេរិកលោក អាន់ថូនី ប្លីងខិន និងទីប្រឹក្សាសន្តិសុខជាតិអាមេរិកលោក ចេក ស៊ូលលីវែន (Jake Sullivan) ក្នុងទីក្រុង Anchorage។ ចិនជំរុញឲ្យសហរដ្ឋអាមេរិក មើលឃើញទំនាក់ទំនងរវាងប្រទេសទាំងពីរ ប្រកបដោយគោលដៅ និងមធ្យោបាយសមហេតុផល និងបោះបង់ចោលគំនិតបែបសង្គ្រាមត្រជាក់៕