(ប៉េកាំង)៖ ការអភិវឌ្ឍនៃទំនាក់ទំនងរវាងចិន និងអាមេរិកនាពេលថ្មីៗកន្លងទៅនេះ នៅតែមានការខ្វែងគំនិតគ្នាដដែល។ ខណៈពេលប្រទេសចិនជំរុញឱ្យប្រព័ន្ធបោះឆ្នោត នៃតំបន់ហុងកុងមានសុក្រឹតភាពក្នុងពេលឆាប់ៗ នាពេលថ្មីៗកន្លងទៅនេះ អាមេរិកបានប្រកាសថានឹងបង្កើនការដាក់ទណ្ឌកម្មទៅលើមន្ត្រីចិនដីគោក និងចិនហុងកុង ចំនួន២៤រូប ហើយមួលបង្កាច់ថាពួកគេបាន «កាត់កម្សោយស្វ័យភាពខ្ពស់របស់ហុងកុង»។
ប្រការដែលគួរឱ្យចាប់អារម្មណ៍នោះគឺចំណាត់ការនេះបានធ្វើឡើងមុនពេលកិច្ចសន្ទនារវាងចិននិងអាមេរិកដែលជិតនឹងរៀបចំធ្វើនៅអាឡាស្កា។ ដូចនេះរូបភាពរបស់ រដ្ឋាភិបាលអាមេរិកថ្មីដែលបានខំប្រឹងប្រែងក្នុងការបង្កើតកិច្ចសហប្រតិបតិ្តការសកលជាថ្មីឡើងវិញបានដួលរលំភ្លាមៗ។ មិនថាប្រទេសឯកភាពណាមួយក្តី ប្រព័ន្ធបោះឆ្នោត នៃរដ្ឋបាលតំបន់សុទ្ធតែសម្រេចដោយរដ្ឋាភិបាលមជ្ឈិម នេះជារឿងដែលត្រូវទទួលស្គាល់ជាទូទៅនៅលើពិភពលោកទាំងមូល។ វាច្បាស់ណាស់ថាការដាក់ទណ្ឌកម្ម បែបនេះគឺក្នុងគោលបំណងចង់បង្ហាញពីអាកប្បកិរិយាដ៏រឹងចចេស និងបង្កឧបសគ្គដោយបន្តយកបញ្ហាហុងកុងធ្វើជាលេស មុនពេលចិននិងអាមេរិកធ្វើកិច្ចសន្ទនា។
ក្នុងបញ្ជីឈ្មោះមន្ត្រី២៤រូបដែលរដ្ឋាភិបាលរបស់លោកបៃដិនបានដាក់ចេញនោះ បូករួមទាំងមន្ត្រីជាន់ខ្ពស់នៃសភាតំណាងប្រជាជនទូទាំងប្រទេសចិនដែលជាស្ថាប័ន នីតិប្បញ្ញតិ្ត និងមន្ត្រីហុងកុងដែលបានចូលរួមការងារតាក់តែងច្បាប់សន្តិសុខជាតិ ក្នុងនោះមានមន្ត្រីជាច្រើនរូបធ្លាប់ត្រូវដាក់បញ្ចូលក្នុងបញ្ជីដាក់ទណ្ឌកម្ម របស់រដ្ឋាភិបាលរបស់លោកត្រាំរួចរាល់ហើយ។ ទាក់ទិននឹងរឿងនេះ មន្ត្រីចិនបានឆ្លើយតបថាការត្រូវអាមេរិកដាក់បញ្ចូលក្នុងបញ្ជីដាក់ទណ្ឌកម្មគឺបង្ហាញឱ្យឃើញថា ពួកយើងបានធ្វើរឿងត្រឹមត្រូវដើម្បីប្រទេសជាតិយើងនិងតំបន់ហុងកុង។ ដូចនេះ យើងមានមោទនភាពណាស់។
បើមើលពីស្ថានភាពបច្ចុប្បន្នអាចឃើញថាការដែលប្រទេសចិនអាចចូលរួមកិច្ចសន្ទនាតបតាមសេចកី្តអញ្ជើញ គឺបានបង្ហាញពីសុទ្ធចិត្តរបស់ចិនចំពោះរដ្ឋាភិបាលអាមេរិក ពីព្រោះថានាពេលបច្ចុប្បន្ន ភាគីដែលរំពឹងទុកឱ្យកិច្ចសន្ទនាជាន់ខ្ពស់រវាងចិននិងអាមេរិកពង្រឹងអភិបាលកិច្ចរបស់ខ្លួន គឺរដ្ឋាភិបាលអាមេរិកថ្មីនោះឯង ដូច្នេះភាគីចិនមិនគិត ពីទំនាស់កាលពីមុន ហើយទទួលសេចកី្តអញ្ជើញដោយចិត្តទូលាយ គួរតែទទួលបានការឆ្លើយតបប្រកបដោយសុទ្ធចិត្តពីសំណាក់ភាគីអាមេរិក។
ប៉ុន្តែ ប្រការដែលគួរឱ្យសោកស្តាយនោះគឺ ខណៈពេលគន្លឹះដែលជិតនឹងប្រារព្ធធ្វើកិច្ចសន្ទនា អាមេរិកមិនត្រឹមតែមិនបានបង្ហាញពីសុទ្ធចិត្តចំពោះកិច្ចសន្ទនាយុទ្ធសាស្ត្រ ប៉ុណ្ណោះទេ ថែមទាំងក៏បានមានចំណាត់ការមួយចំនួនដែលគួរឱ្យអ្នកផងទាំងពួងងឿងឆ្ងល់ ប្រការនេះបានលាតត្រដាងនូវ «ភាពគ្មានជំនឿចិត្ត» លើគោលនយោបាយ របស់ខ្លួនចំពោះប្រទេសចិន។
ទីមួយ៖ គ្មានជំនឿចិត្តលើខ្លួនឯងក្នុងការបង្កើត «សម័្ពន្ធប្រឆាំងប្រទេសចិន»។ រដ្ឋមន្ត្រីការបរទេស និងរដ្ឋមន្ត្រីការពារជាតិអាមេរិកទើបបញ្ចប់ទស្សនកិច្ចនៅកូរ៉េខាងត្បូង ប៉ុន្តែកូរ៉េខាងត្បូង ប្រទេសអឺរ៉ុបដូចជាអាល្លឺម៉ង់ បារាំង និងឥណ្ឌាជាដើមដែលអាមេរិកបានខិតខំអូសទាញសុទ្ធតែមិនចង់ឈរនៅម្ខាងជាមួយអាមេរិកនោះទេ ដែលបណ្តាល ឱ្យបំផ្លិចបំផ្លាញដល់ទំនាក់ទំនងផ្នែកសេដ្ឋកិច្ចនិងពាណិជ្ជកម្មជាមួយប្រទេសចិន។
ទីពីរ៖ គ្មានជំនឿចិត្តលើខ្លួនឯងក្នុងការដោះស្រាយទំនាក់ទំនងជាមួយប្រទេសចិន។ បច្ចុប្បន្ន គោលនយោបាយក្រុងវ៉ាស៊ីនតោន ទំនងជាបានធ្លាក់ក្នុងរង្វង់នយោបាយ ដ៏ចម្លែក ពោលគឺ «ប្រឆាំងចិនដើម្បីគោលនយោបាយប្រឆាំងចិន»។ អាមេរិកចាត់ទុកការប្រឆាំងចិនជា «នយោបាយត្រឹមត្រូវ» ដោយសារកាន់អាកប្បកិរិយាបែបនេះ អ្នកផងពិបាកនឹងមើលឃើញឱ្យច្បាស់នូវគោលបំណងរបស់អាមេរិកដែលមានវិចារណញ្ញាណក្នុងយុទ្ធសាស្ត្រការទូត។ ពិតមែនតែលោក ចូ បៃដិនបានរិះគន់កិច្ចការទូតនៃ រដ្ឋាភិបាលរបស់លោក ត្រាំក៏ដោយ ក៏ប៉ុន្តែលោក បៃដិនមិនបានលោតចេញពីក្របខណ្ឌនយោបាយចំពោះចិន ដែលលោកត្រាំបានគ្រោងទុក។
ទីបី៖ មានអារម្មណ៍ភ័យខ្លាចចំពោះហុងកុងដែលបានប្រែពីភាពវឹកវរក្លាយទៅជាមានរបៀបរៀបរយ។ អាមេរិកមានគម្រោងចាត់ទុកហុងកុងជាតំបន់ឈានមុខសម្រាប់ ប្រឆាំងប្រទេសចិន ប៉ុន្តែដោយសារបានមើលឃើញហុងកុងមានភាពស្ងៀមស្ងាត់ឡើវិញ តែខ្លួនគ្មានឧបាយកលអ្វីអាចអនុវត្តបាន បានជាមានតែបង្កើនការដាក់ទណ្ឌកម្ម ដើម្បីធ្វើឱ្យហុងកុងដែលបានដើរតាមផ្លូវត្រឹមត្រូវរួចហើយនោះកើតមានភាពចលាចលឡើងវិញ។ ទោះបីជាបានធ្វើយ៉ាងនេះក្តី ការដាក់ទណ្ឌកម្មរបស់អាមេរិកក៏មិនអាច រារាំងដល់ដំណើរធ្វើឱ្យប្រព័ន្ធច្បាប់ហុងកុងមានសុក្រឹតភាពនោះឡើយ។
ថ្ងៃទី១៧ ខែមីនា ពេលផ្តល់បទសម្ភាសន៍រួមអំពីកិច្ចសន្ទនាយុទ្ធសាស្ត្រជាន់ខ្ពស់រវាងចិននិងអាមេរិកនៅក្រុង Anchorage លោក Cui Tiankai ឯកអគ្គរដ្ឋទូតចិនប្រចាំ នៅអាមេរិកបានថ្លែងថាភាគីចិនមិនរំពឹងថាអាចដោះស្រាយបញ្ហាទាំងអស់រវាងចិននិងអាមេរិកតាមរយៈកិច្ចសន្ទនាតែមួយលើកនោះទេ បើសិនជាអាមេរិកសម្គាល់ឃើញថា ឱ្យតែដាក់សម្ពាធទៅលើប្រទេសចិន ប្រទេសចិនក៏អាចធ្វើការបន្ធូរបន្ថយគោលជំហារ នោះខ្ញុំសូមដាស់តឿនភាគីអាមេរិកឱ្យបោះបង់ចោលគំនិតស្រមើស្រមៃបែបនេះ៕