(តេហេរ៉ង់)៖ អ៉ីរ៉ង់ និងរុស្ស៊ី នៅថ្ងៃពុធសប្ដាហ៍នេះបានថ្កោលទោសយ៉ាងខ្លាំងចំពោះការសម្រេចចិត្តរបស់ចក្រភពអង់គ្លេស ក្នុងការបង្កើនអាវុធនុយក្លេអ៊ែរ ដោយទីក្រុង តេហេរ៉ង់ចាត់ទុកថាជា «ទង្វើពុតត្បត់» រីឯទីក្រុងម៉ូស្គូព្រមានថាវានឹងគំរាមកំហែងដល់សិ្ថរភាពអន្តរជាតិ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNA នៅថ្ងៃព្រហស្បតិ៍ ទី១៨ ខែមីនា ឆ្នាំ២០២១។

អង់គ្លេសកាលពីថ្ងៃអង្គារសប្ដាហ៍នេះបានប្រកាសពីផែនការបង្កើនចំនួនក្បាលគ្រាប់នុយក្លេអ៊ែរពី១៨០គ្រាប់ ដល់២៦០គ្រាប់នៅក្នុងរយៈពេល១០ឆ្នាំ ដែលនេះគឺផ្ទុយពីការ ប្ដេជ្ញាចិត្តរបស់ទីក្រុងឡុងដ៍កាលពីពេលមុន ដែលថានឹងកាត់បន្ថយការស្ដុកទុកអាវុធនុយក្លេអ៊ែរ។ ជាប្រតិកម្មតបនឹងការប្រកាសពីផែនការនេះ លោករដ្ឋមន្ត្រីការបរទេស អ៉ីរ៉ង់ មហាំម៉ាត់ ហ្សាវាដ ហ្សារីហ្វ (Mohammad Javad Zarif) បានបង្ហោះសារនៅលើ Twitter ដូច្នេះថា៖ «វាជាទង្វើពុតត្បត់ ខណៈនាយករដ្ឋមន្ត្រីអង់គ្លេសលោក បូរីស ចនសុន កំពុងព្រួយបារម្ភពីការអភិវឌ្ឍអាវុធនុយក្លេអ៊ែរអ៉ីរ៉ង់»

រុស្ស៊ីវិញ ក៏បានថ្កោលទោសការសម្រេចចិត្តរបស់អង់គ្លេសផងដែរ ដោយព្រមានវានឹងគំរាមកំហែងដល់សិ្ថរភាពអន្តរជាតិ។ «យើងពិតជាសោកស្ដាយដែលអង់គ្លេស
សម្រេចចិត្តដើរផ្លូវបង្កើនក្បាលគ្រាប់នុយក្លេអ៊ែរ...ដ្បិតការសម្រេចចិត្តនេះនឹងបំផ្លាញដល់ស្ថិរភាព និងយុទ្ធសាស្ត្រសន្តិសុខរបស់អន្តរជាតិ»។ នេះជាការគូសបញ្ជាក់របស់ អ្នកនាំពាក្យវិមានក្រឹមឡាំង លោក ឌីមីទ្រី ប៉េស្កូវ (Dmitry Peskov)។

គួរបញ្ជាក់ថា ការប្រកាសពីផែនការបង្កើនចំនួនក្បាលគ្រាប់នុយក្លេអ៊ែរខាងលើ ធ្វើឡើងនៅក្នុងឯកសារមួយស្ដីពីគោលនយោបាយបរទេសអង់គ្លេសដែលក៏បានចង្អុលមុខ ចំៗផងដែរថារុស្ស៊ីជាការគំរាមកំហែងដោយផ្ទាល់ចំពោះអង់គ្លេស។ ប៉ុន្តែ ទីក្រុងម៉ូស្គូ ច្រានចោលការចោទប្រកាន់បែបនេះដោយអះអាងគ្មានការគំរាមកំហែង ណាមួយចេញពីរុស្ស៊ី នោះទេ៕