(ហ្សឺណេវ)៖ អង្គការសុខភាពពិភពលោក(WHO)បាននិយាយថា វ៉ាក់សាំងបង្ការជំងឺ Covid-19 របស់ក្រុមហ៊ុន AstraZeneca គួរតែបន្តប្រើប្រាស់វាតទៅទៀត ថ្បិតថាអត្ថប្រយោជន៍នៃវ៉ាក់សាំងនេះមានច្រើនជាងហានិភ័យរបស់វា។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មាន Bloomberg នៅថ្ងៃពុធ ទី១៧ ខែមីនា ឆ្នាំ២០២១។
អង្គការអន្តរជាតិមួយនេះបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយនៅថ្ងៃពុធនេះថា ក្រុមអ្នកជំនាញរបស់អង្គការសុខភាពពិភពលោកកំពុងធ្វើការវាយតម្លៃលើទិន្នន័យសុវត្ថិភាពចុងក្រោយរបស់វ៉ាក់សំាង AstraZeneca ហើយនឹងធ្វើការសន្និដ្ឋានលើលទ្ធផល នៅពេលដែលការត្រួតពិនិត្យត្រូវបានបិទបញ្ចប់។
គួរបញ្ជាក់ថា ការអំពាវនាវនេះធ្វើឡើងបន្ទាប់ពីមានវិធានការណ៍បន្តបន្ទាប់គ្នាពីសំណាក់រដ្ឋជាសមាជិកនៃសហភាពអឺរ៉ុបជាច្រើនផ្អាកការប្រើប្រាស់វ៉ាក់សាំងនេះ ដោយសារព្រួយបារម្ភពីបញ្ហាសុវត្ថិភាព។ ប៉ុន្តែទោះជាយ៉ាងណា និយតករឱសថសហភាពអឺរ៉ុបបានកាលពីថ្ងៃអង្គារសប្តាហ៍នេះអះអាងថា គ្មានសញ្ញាណាមួយដែលបង្ហាញថា វ៉ាក់សាំង AstraZeneca គឺជាមូលហេតុបង្កឲ្យមានបញ្ហាកំណកឈាមនោះឡើយ៕