(ហាណូយ)៖ ក្រសួងសុខាភិបាលវៀតណាម នៅថ្ងៃពុធ ទី១៧ ខែមីនា ឆ្នាំ២០២១នេះ បានប្រកាសរកឃើញករណីឆ្លង COVID-19 ថ្មីៗ ចំនួន០៧ករណីបន្ថែមទៀត ដែលនាំឲ្យករណីឆ្លងសរុបនៅទូទាំងប្រទេសអាស៊ានមួយនេះកើនដល់ ២,៥៦៧ករណី។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មានចិនស៉ីនហួរ។
បើតាមក្រសួងសុខាភិបាលវៀតណាមបានឲ្យដឹងទៀតថា ក្នុងចំណោមករណីឆ្លងថ្មីៗទាំងអស់ខាងលើ មាន០៥នាក់ជាករណីនាំចូលពីក្រៅប្រទេស ខណៈដែល០២នាក់ទៀតជាករណីឆ្លងក្នុងសហគមន៍ ដែលបានរាយការណ៍ចេញពីខេត្ត Hai Duong ភាគខាងជើងប្រទេស ជាទីដែលវីរុសកូរ៉ូណា (COVID-19) បានឆ្លងរាលដាលខ្លាំងបំផុត សម្រាប់រលកថ្មីនៅប្រទេសវៀតណាម។
គួរបញ្ជាក់ថា រហូតមកទល់ពេលនេះ ប្រទេសវៀតណាមបានកត់ត្រាករណីឆ្លង COVID-19 សរុបនៅទូទាំងប្រទេសចំនួន២,៥៦៧ករណី ក្នុងនោះមានអ្នកស្លាប់ ៣៥នាក់ និងអ្នកជាសះស្បើយ ២,១៩៨នាក់។ រលកចុងក្រោយនៃការឆ្លងរីករាលដាលជំងឺ COVID-19 បានវាយប្រហារប្រទេសវៀតណាម នៅថ្ងៃទី២៨ ខែមករា ដោយមានករណីឆ្លងក្នុងសហគមន៍ ចំនួន៩០៦ករណី ដែលត្រូវបានរាយការណ៍ចេញពីខេត្តក្រុងចំនួន១៣៕