(តូក្យូ)៖ ទីក្រុងតូក្យូនៅថ្ងៃពុធនេះបានរាយការណ៍អំពី ករណីឆ្លងថ្មីនៃជំងឺ COVID-19 ចំនួន ៤០៩ករណីបន្ថែមទៀត ដែលជាអត្រាឆ្លងប្រចាំថ្ងៃខ្ពស់បំផុត បើរាប់ចាប់តាំងពីថ្ងៃទី១៨ ខែកុម្ភៈមក។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មានស៊ីនហួរ នៅថ្ងៃពុធ ទី១៧ ខែមីនា ឆ្នាំ២០២១។
បើតាមការបញ្ជាក់ពីអាជ្ញាធរ ក្នុងចំណោមករណីថ្មីទាំង៤០៩ករណីខាងលើនេះ ភាគច្រើនត្រូវបានរកឃើញលើមនុស្សអាយុខ្ទង់២០ឆ្នាំ បន្ទាប់មកមនុស្សក្នុងវ័យ៣០ឆ្នាំ។
គួរបញ្ជាក់ថា រដ្ឋាភិបាលជប៉ុនបានសម្រេចដាក់ទីក្រុងតូក្យូ និងខេត្តចំនួន៣ឲ្យស្ថិតក្នុងគ្រាអាសន្ន តាំងពីដើមខែមករាមកម្លេ៉ះ។ ប៉ុន្តែករណីឆ្លងថ្មីហាក់មិនសូវថមថយចុះសោះ ដែលជាហេតុនាំឲ្យអាជ្ញាធរបានអូសបន្លាយពេលនៃស្ថានភាពអាសន្ននេះម្តងជាពីរដងរហូតមកទល់ពេលនេះ។ ចាប់តាំងពីស្ថានភាពអាសន្នត្រូវបានប្រកាស ប្រជាជនត្រូវបានគេស្នើសុំយ៉ាងទទូចឲ្យបញ្ឈប់ការធ្វើដំណើរណាដែលមិនចាំបាច់ និងធ្វើការពីផ្ទះ។
រដ្ឋាភិបាលជប៉ុនកំពុងព្យាយាមយ៉ាងខ្លាំង ដើម្បីគ្រប់គ្រងស្ថានការណ៍ជំងឺ COVID-19 ឲ្យបានមុនព្រឹត្តិការណ៍អូឡាំពិក និងប៉ារ៉ាឡាំពិកដែលគ្រោងនឹងចាប់ផ្តើម ក្នុងរយៈពេលតិចជាង ៥ខែខាងមុខនេះ។
បើតាមគេហទំព័រ Worldometers រហូតមកទល់ពេលនេះ ប្រទេសជប៉ុន បានកត់ត្រានូវករណីឆ្លង COVID-19 សរុបនៅទូទាំងប្រទេស ៤៤៨,៦៨៨ករណី ក្នុងនោះមានអ្នកស្លាប់ ៨,៦២២នាក់ និងជាសះស្បើយ ៤២៧,៥៨២នាក់៕