(វ៉ាទីកង់)៖ សម្ដេចសង្ឃកាតូលិក ប៉ាប ហ្រ្វង់ស៊ីស (Pope Francis) នៅថ្ងៃពុធ ទី១៧ ខែមីនា ឆ្នាំ២០២១នេះបានអំពាវនាវឱ្យមានការបិទបញ្ចប់អំពើហិង្សាបង្ហូរឈាម ជាបន្ទាន់នៅក្នុងប្រទេសមីយ៉ាន់ម៉ា បើទោះជាត្រូវឱ្យព្រះអង្គលុតជង្គង់ ហើយនិយាយពាក្យថាបញ្ឈប់អំពើហិង្សា ក៏ព្រះអង្គយល់ព្រមដែរ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters។
ការអំពាវនាវខាងលើរបស់សម្ដេចសង្ឃកាតូលិក ប៉ាប ហ្រ្វង់ស៊ីស ធ្វើឡើងចេញពីបន្ទប់បណ្ណាល័យរបស់ព្រះអង្គក្នុងបុរីវ៉ាទីកង់ និងចំពេលដែលចំនួនបាតុករដែលត្រូវបាន សម្លាប់នៅក្នុងការបង្រ្កាបពីសំណាក់កងកម្លាំងសន្តិសុខមីយ៉ាន់ម៉ាបានកើនលើស១៨០នាក់ហើយ ចាប់តាំងពីផ្ទុះព្រឹត្តិការណ៍ដែលអន្តរជាតិចាត់ទុកថាជារដ្ឋប្រហារ
កាលពីថ្ងៃទី០១ ខែកុម្ភៈមក។
ថ្លែងចេញពីបុរីវ៉ាក់ទីកង់ សម្ដេចប៉ាបបានមានបន្ទូលដូច្នេះថា៖ «ខ្ញុំពិតជាមានអារម្មណ៍សោកសៅបំផុត ដែលត្រូវនិយាយពីស្ថានការណ៍ដ៏រំជើបរំជួលនៅក្នុងប្រទេស មីយ៉ាន់ម៉ា ជាទីដែលមនុស្សជាច្រើន ជាពិសេសយុវជនបានបាត់បង់ជីវិតនៅក្នុងគោលបំណងផ្ដល់ក្ដីសង្ឃឹមដល់ប្រទេសរបស់ពួកគេ។ សូមបញ្ឈប់អំពើហិង្សាបង្ហូរឈាម ជាបន្ទាន់ បើទោះជាត្រូវឱ្យខ្ញុំលុតជង្គង់ ហើយនិយាយពាក្យថាបញ្ឈប់អំពើហិង្សាក៏ដោយ...»។
គួរបញ្ជាក់ថា បើតាមសម្ដេចប៉ាបដែលធ្លាប់យាងបំពេញទស្សនកិច្ចមកកាន់ប្រទេសមីយ៉ាន់ម៉ា កាលពីឆ្នាំ២០១៧៖ ការបង្ហូរឈាមមិនមែនជាមធ្យោបាយដោះស្រាយបញ្ហា នោះទេ តែផ្ទុយទៅវិញកិច្ចសន្ទនាទើបជាមធ្យោបាយដោះស្រាយបញ្ហា៕