(ហុងកុង)៖ ប្រទេសចិនបានជូនដំណឹងដល់ក្រុមហ៊ុនរដ្ឋរបស់ខ្លួនឲ្យជម្លៀសបុគ្គលិកដែលមិនមានភារកិច្ចចាំបាច់ចេញពីប្រទេសមីយ៉ាន់ម៉ាជាបន្ទាន់ បន្ទាប់ពីរោងចក្រ ដែលគ្រប់គ្រងដោយជនជាតិចិននៅក្នុងប្រទេសមីយ៉ាន់ម៉ាជាង១០កន្លែង ត្រូវបានវាយប្រហារកាលពីចុងសប្តាហ៍មុន។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន South China Morning Post នៅថ្ងៃពុធ ទី១៧ ខែមីនា ឆ្នាំ២០២១។
នៅក្នុងសេចក្តីជូនដំណឹងមួយដែលបានចុះផ្សាយដោយ South China Morning Post បានឲ្យដឹងថា គណៈកម្មការត្រួតពិនិត្យ និងគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ (Sasac) របស់ក្រុមប្រឹក្សារដ្ឋចិនបានបញ្ជាឲ្យសហគ្រាសរបស់ខ្លួនដែលនៅក្នុងប្រទេសមីយ៉ាន់ម៉ា ជម្លៀសបុគ្គលិកដែលពាក់ព័ន្ធនៅក្នុងគម្រោងដែលត្រូវបានបញ្ឈប់រួចទៅហើយ។
បុគ្គលិកផ្សេងទៀតដែលត្រូវជម្លៀសចេញពីប្រទេសមីយ៉ាន់ រួមមានបុគ្គលិកដែលបានឈានដល់ទីបញ្ចប់នៃការវិលត្រលប់មកវិញរបស់ពួកគេ, បុគ្គលិកដែលមិនទាន់ទទួល បានការចាក់វ៉ាក់សាំងប្រឆាំងវីរុសកូរ៉ូណា (COVID-19), បុគ្គលិកដែលរស់នៅទីកន្លែងដាច់ស្រយាល និងបុគ្គលិកដែលកំពុងប្រឈមមុខនឹងស្ថានភាពធ្ងន់ធ្ងរនៅក្នុងតំបន់។
នៅក្នុងសេចក្តីជូនដំណឹងដដែលនោះបានឲ្យដឹងបន្ថែមថា Sasac ក៏បានបញ្ជាឱ្យសហគ្រាសគ្រប់គ្រងដោយរដ្ឋ (SOEs) ទាំងអស់នៅក្នុងប្រទេសមីយ៉ាន់ម៉ា អនុវត្តការធ្វើហាត់សមសង្រ្គោះបន្ទាន់, ការធ្វើឲ្យប្រាកដថាពួកគេមានយានយន្ត, ប្រេងឥន្ធនៈ, ស្បៀងអាហារ និងរបស់ចាំបាច់ផ្សេងៗ ដើម្បីធ្វើការជម្លៀសបុគ្គលិកចេញ។
គួរបញ្ជាក់ថា បុគ្គលិកក្រុមហ៊ុនសំណង់រដ្ឋម្នាក់ដែលធ្វើការលើគម្រោងហេដ្ឋារចនាសម្ព័ន្ធមួយនៅក្នុងប្រទេសមីយ៉ាន់ម៉ា បានបញ្ជាក់ថាគាត់បានទទួលសេចក្ដីជូនដំណឹង នេះពី Sasac ដែលគ្រប់គ្រងលើសហគ្រាសរដ្ឋចំនួន៩០ នៅក្នុងប្រទេសចិន កាលពីចុងសប្តាហ៍មុន ខណៈរោងចក្រដែលវិនិយោគដោយជនជាតិចិន មួយចំនួនត្រូវបានវាយប្រហារ៕