(តៃប៉ិ)៖ រដ្ឋមន្រ្តីការពារជាតិតៃវ៉ាន់នៅថ្ងៃពុធនេះ បាននិយាយថា តៃវ៉ាន់បានពង្រឹងការដាក់ពង្រាយកម្លាំងរបស់ខ្លួន នៅតំបន់វិវាទនៃសមុទ្រចិនខាងត្បូង ហើយសហរដ្ឋអាមេរិក ក៏បានយល់ព្រមចំពោះការនាំចេញបច្ចេកវិទ្យាសំខាន់ៗមួយចំនួន សម្រាប់យកមកបំពាក់លើក្រុមនាវាមុជទឹកថ្មីរបស់តៃវ៉ាន់ផងដែរ។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន Reuters នៅថ្ងៃពុធ ទី១៧ ខែមីនា ឆ្នាំ២០២១។
ថ្លែងក្នុងសភាតៃវ៉ាន់ លោក Chiu Kuo-cheng ដែលទើបតែឡើងកាន់តំណែងជាប្រមុខការពារជាតិតៃវ៉ាន់ កាលពីខែមុនប៉ុណ្ណោះនោះ បាននិយាយថា តៃវ៉ាន់បានបង្កើនកងទ័ពនិងសព្វាវុធនៅលើកោះ Itu Aba ដែលជាកោះស្ថិតក្រោមការត្រួតត្រារបស់តៃវ៉ាន់ នៅសមុទ្រចិនខាងត្បូង។
ជាមួយគ្នានេះ លោក Chiu បានបន្ថែមថា សហរដ្ឋអាមេរិកបានផ្តល់ការយល់ព្រម ចំពោះការនាំចេញឧបករណ៍បច្ចេកវិទ្យាសំខាន់ៗ ទាំងឡាយដែលត្រូវការយកមកបំពាក់លើក្រុមនាវាមុជទឹកថ្មី ដែលតៃវ៉ាន់ផលិតឡើងនៅក្នុងស្រុកផ្ទាល់ ខណៈដំណើរការសាងសង់ពួកវា បានចាប់ផ្តើមកាលពីឆ្នាំមុន។ បើតាមលោក Chiu ការទិញសព្វាវុធរបស់តៃវ៉ាន់ពីអាមេរិក មិនបានទទួលរងការប៉ះពាល់ ដោយរដ្ឋបាល លោក ចូ បៃដិន ដែលឡើងមកជំនួសលោក ត្រាំ នោះឡើយ ពោលគឺវានៅតែបន្តទៅមុខយ៉ាងរលូនដដែល។
គួរបញ្ជាក់ថា មួយរយៈចុងក្រោយនេះ ចិនដែលចាត់ទុកតៃវ៉ាន់ជាខេត្តមួយរបស់ខ្លួន បានបង្កើនសកម្មភាពយោធាគួរឲ្យកត់សម្គាល់ នៅក្បែរៗដែនដីកោះនេះ ដើម្បីព្យាយាមដាក់សម្ពាធឲ្យរដ្ឋាភិបាលទីក្រុងតៃប៉ិយល់ព្រម ទទួលយកអធិបតេយ្យភាពរបស់ទីក្រុងប៉េកាំង ប៉ុន្តែតៃវ៉ាន់បានប្តេជ្ញាយ៉ាងរឹងមាំដើម្បីបន្តការពារខ្លួនឯង៕