(បាងកក)៖ នៅថ្ងៃពុធ ទី១៧ ខែមីនា ឆ្នាំ២០២១នេះ អាជ្ញាធរគ្រប់គ្រងស្ថានការណ៍ COVID-19 នៅក្នុងប្រទេសថៃ បានប្រកាសពីការរកឃើញអ្នកឆ្លងជំងឺនេះ សរុបរហូតដល់ទៅ ២៤៨នាក់ថ្មីទៀត ដោយក្នុងនោះភាគច្រើនបំផុត គឺនៅក្នុងទីក្រុងបាងកក ខណៈអ្នកជំងឺម្នាក់ទៀតបានបាត់បង់ជីវិត។ នេះបើតាមការដកស្រង់ ចេញពីសារព័ត៌មានថៃបាងកកប៉ុស្តិ៍។
នៅក្នុងចំណោមករណីឆ្លងថ្មីៗទាំង ២៤៨នាក់ខាងលើនេះ ២៤២នាក់ជាករណីឆ្លងសហគមន៍ និង ០៦នាក់ទៀត ជាករណីនាំចូលពីក្រៅប្រទេស។ បន្ថែមពីនេះក្នុងចំណោមករណីឆ្លង COVID-19 ក្នុងស្រុកទាំង ២៤២នាក់នេះ ១៦៧នាក់ត្រូវបានរាយការណ៍ ចេញពីទីក្រុងបាងកក, ៣៣នាក់នៅខេត្ត សាមុត សាខន (Samut Sakhon) និងសល់ប៉ុន្មាននាក់ទៀត គឺត្រូវបានរាយការណ៍ចេញពីខេត្តចំនួន ១៣ផ្សេងទៀត។
គួរបញ្ជាក់ថា នេះជាករណីកើនឡើងយ៉ាងគំហុកមិនធ្លាប់មាន ចំពោះការរកឃើញចំនួនអ្នកឆ្លង COVID-19 ទ្រង់ទ្រាយធំនៅទីក្រុងបាងកក បន្ទាប់ពីថ្ងៃអង្គារម្សិលមិញនេះ ខណៈប្រទេសថៃកំពុងត្រៀម ធ្វើការបើកទូលាយឡើងវិញ ដើម្បីជំរុញវិស័យទេសចរណ៍នោះ។ គិតត្រឹមថ្ងៃពុធនេះ ប្រទេសថៃមានករណីឆ្លង COVID-19 សរុប ២៧,៤០២ករណី ក្នុងនោះស្លាប់ ៨៨នាក់ និងជាសះស្បើយឡើងវិញ ២៦,៣៣៩នាក់ (ស្មើនឹង ៩៦.១២%)៕