(ហាណូយ)៖ ក្រសួងសុខាភិបាលវៀតណាម នៅថ្ងៃពុធនេះ បានប្រកាសឲ្យដឹងថា វ៉ាក់សាំងបង្ការជំងឺ COVID-19 ដំបូងបង្អស់របស់ប្រទេសវៀតណាមផ្ទាល់ ដែលមានឈ្មោះថា Nanocovax ត្រូវបានគេរំពឹងថា នឹងអាចសម្រេចបានជាស្ថាពរនៅត្រីមាសទី៤ នៃឆ្នាំ២០២១ នេះហើយ ព្រមទាំងនឹងដាក់ចេញឲ្យប្រើប្រាស់នៅឆ្នាំ២០២២ ខាងមុខ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Reuters នៅថ្ងៃពុធ ទី១៧ ខែមីនា ឆ្នាំ២០២១។
ការប្រកាសនេះធ្វើឡើង ខណៈដែលបណ្តាប្រទេសជាច្រើន កំពុងព្យាយាមបង្កើនល្បឿននៃការអភិវឌ្ឍវ៉ាក់សាំងរៀងៗខ្លួន ចំពេលដែលមានកង្វះខាតនៃការផ្គត់ផ្គង់វ៉ាក់សាំងជាសកល និងការព្រួយបារម្ភជុំវិញបញ្ហាលេចចេញនូវវីរុស COVID-19 បំប្លែងខ្លួនថ្មី។ ក្រសួងសុខាភិបាលវៀតណាម បានគូសបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍មួយថា «វិធានការទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺរាតត្បាត COVID-19 នេះ មានការពឹងផ្អែកធំធេងបំផុតលើការអភិវឌ្ឍវ៉ាក់សាំង»។
គួរបញ្ជាក់ថា ក្រុមហ៊ុនវៀតណាមចំនួន០៤ បានចូលរួមក្នុងការងារសិក្សាស្រាវជ្រាវ និងផលិតវ៉ាក់សាំង ខណៈក្រុមហ៊ុនចំនួន០២ បាននិងកំពុងស្ថិតនៅដំណាក់កាលធ្វើតេស្តលើមនុស្ស ក្នុងនោះរួមមានវ៉ាក់សាំងបង្ការជំងឺ COVID-19 ដែលមានឈ្មោះថា Nanocovax និង Covivac៕