(បរទេស)៖ ថ្មីៗនេះស្ថានីយអវកាសអន្តរជាតិ ISS ទើបតែបានបញ្ចេញកញ្ចប់សំរាមធំបំផុតមួយចោល ហើយវាត្រូវគេរំពឹងថា នឹងនៅអណ្តែតក្នុងទីអវកាសរាប់ឆ្នាំទៅមុខទៀត។ នេះបើតាមការចេញផ្សាយ ដោយវែបសាយព័ត៌មាន Space នៅរសៀលថ្ងៃពុធ ទី១៧ ខែមីនា ឆ្នាំ២០២១។

ទីភ្នាក់ងារអវកាសអាមេរិក NASA ទើបតែបានឲ្យដឹងថា ស្ថានីយអវកាស ISS កាលពីសប្តាហ៍កន្លងទៅនេះ បានបញ្ចេញកញ្ចប់មួយទម្ងន់ជិត ៣តោន ចោលទៅក្នុងទីអវកាស ដែលវាផ្ទុកទៅដោយថ្មសម្រាប់ប្រើផ្គត់ផ្គង់ថាមពល។ បើតាម NASA វាជាកញ្ចប់សំរាមធំបំផុត ដែលស្ថានីយ ISS ធ្លាប់បានទម្លាក់ចោលរហូតមកទល់ពេលនេះ។ NASA បានបញ្ជាក់ថា កញ្ចប់សំរាមនេះ ទំនងជានឹងធ្លាក់មករកផែនដីក្នុងចន្លោះពេល ២-៤ឆ្នាំខាងមុខ ប៉ុន្តែនឹងឆេះរលាយអស់ក្នុងបរិយាកាស។

គួរបញ្ជាក់ថា តាមធម្មតាថ្មចាស់ៗ ដែលប្រើហើយនៅលើស្ថានីយ ISS តែងត្រូវគេដាក់ទៅក្នុងយានដឹកជញ្ជូន HTV ដែលនឹងនាំយកពួកវា ត្រឡប់ចុះមកកាន់ស្រទាប់បរិយាកាសផែនដី ជាទីដែលយាននិងថ្មទាំងនោះត្រូវឆេះរលាយខ្ទេច ប៉ុន្តែដោយសារមានបញ្ហាខ្លះ ទើបធ្វើឲ្យកញ្ចប់សំរាមខាងលើ មិនអាចត្រូវចាត់ចែងបោះចោល តាមរបៀបទូទៅបានពោលគឺលែងមានយាន HTV សម្រាប់ប្រើក្នុងការងារនេះ៕