(វ៉ាស៊ីនតោន)៖ ប្រទេសកូរ៉េខាងជើងអាចនឹងធ្វើតេស្ត គ្រាប់មីស៊ីលផ្លោងឆ្លងទ្វីប (ICBM) ស៊េរីថ្មីរបស់ខ្លួនក្នុងពេលអនាគតដ៏ខ្លីខាងមុខ ហើយវានឹងបង្កឲ្យមានតានតឹង កាន់តែខ្លាំងឡើងជាថ្មីរវាងទីក្រុងវ៉ាស៊ីនតោន និងព្យុងយ៉ាង។ នេះបើតាមការព្រមានពីមេបញ្ជាយោធាអាមេរិក ប្រចាំតំបន់ភាគខាងជើង ដែលត្រូវបានដកស្រង់ និងចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នាព្រឹកថ្ងៃពុធ ទី១៧ ខែមីនា ឆ្នាំ២០២១។

មេបញ្ជាការទ័ពអាកាសអាមេរិក ប្រចាំតំបន់ភាគខាងជើងលោកឧត្តមសេនីយ៍ គ្លែន វែនហឺក (Glen VanHerck) បានធ្វើការព្រមានដូចខាងលើនេះ ដោយយោងទៅលើការបង្ហាញរបស់កូរ៉េខាងជើង កាលពីខែតុលា ឆ្នាំ២០២០ អំពីគ្រាប់មីស៊ីលផ្លោងឆ្លងទ្វីប (ICBM) ស៊េរីថ្មី នៅក្នុងព្យុហយាត្រាយោធាដ៏ធំសម្បើមមួយ នៅក្នុងរដ្ឋធានីព្យុងយ៉ាង។

យ៉ាងណាក៏ដោយ ការលើកឡើងរបស់មេទ័ពអាមេរិកខាងលើនេះ គឺបានកើតមានឡើងនៅមុនមួយថ្ងៃ នៃការបំពេញទស្សនកិច្ចរបស់ រដ្ឋមន្ត្រីការបរទេស និងរដ្ឋមន្ត្រីការពារជាតិអាមេរិក ទៅកាន់ប្រទេសកូរ៉េខាងត្បូង ហើយការព្រួយបារម្ភអំពីការធ្វើតេស្តមីស៊ីល ICBM ខាងលើនេះ ក៏ទំនងជានឹងត្រូវលើកយកទៅពិភាក្សាគ្នា រវាងប្រទេសសម្ព័ន្ធមិត្តទាំងពីរផងដែរ។

ដោយឡែកលោកស្រី ជែននី ថោន (Jenny Town) នាយកវែបសាយ 38 North ដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិក និងមានតួនាទីតាមដានសកម្មភាពកូរ៉េខាងជើងគ្រប់ជំហាននោះ បានលើកឡើងជុំវិញបញ្ហានេះថា «ខណៈការធ្វើតេស្ត ICBM គឺជាព្រឹត្តិការណ៍ដែលអាចនឹងកើតឡើងនោះ ខ្ញុំផ្ទាល់ក៏មិនទាន់ច្បាស់នៅឡើយទេថា តើវានឹងមានលក្ខណៈដូចម្តេច...»។ លោកស្រី Jenny Town បានបង្ហាញក្តីជឿជាក់ទៀតថា កូរ៉េខាងជើងក៏អាចនឹងចាប់ផ្តើមឡើងវិញ នូវធ្វើតេស្តគ្រាប់មីស៊ីលរយៈចម្ងាយខ្លី និងគ្រាប់មីស៊ីលបាលីស្ទីក បាញ់ចេញពីនាវាមុជទឹកផងដែរ៕